ឯកឧត្តមបណ្ឌិត កៅ ថាច៖ ថ្លៃដើមផលិតក្នុង ១ ឯកតា​ គឺជាកត្តាកំណត់នៃការចំណេញ-ខាត

ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍លើកឡើងថា ថ្លៃដើមផលិតក្នុង ១ ឯកតា​ គឺជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នោះកសិករត្រូវយល់ដឹងឱ្យច្បាស់អំពីថ្លៃដើមផលិត ហើយគោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើត “សមាគមន៍បណ្តាញកសិករតេជោ” ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ មានប្រសាសន៍ដូច្នេះ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិករជាង ៥០០ នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ចំពោះ តួនាទីស្នូលរបស់ “សមាគមន៍បណ្តាញកសិករតេជោ” ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមន៍នេះមានតួនាទីសំខាន់ ២ យ៉ាងគឺទី ១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖

តាមដានជាមួយយើង៖ Million Times

ក-សមាគមន៍នឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។

ធនាគារ ARDB បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមាន អត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះ បំផុត ដើម្បីបង្កើនទុនបង្វិល និងលើកកម្ពស់សមត្ថភាពវិនិយោគរបស់បងប្អូនកសិករដោយផ្ទាល់។

ខ-ការភ្ជាប់ទៅបច្ចេកវិទ្យា និងអ្នកជំនាញ៖ ជួយកសិករឱ្យទទួលបាននូវ បច្ចេកវិទ្យាកសិកម្មទំនើបៗ ព័ត៌មានជាក់លាក់ និងការណែនាំពីអ្នកជំនាញ ដើម្បីបង្កើនទិន្នផល គុណភាព និងឈានទៅរកការកែច្នៃដែលផ្តល់នូវ ប្រាក់ចំណេញសមស្រប និងប្រសើរជាងមុន។

គ-ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ។

ដើរតួជាតំណាងដ៏ស្មោះត្រង់ ក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា។

ឃ-តភ្ជាប់សម្លេងរបស់កសិករដេីម្បីអោយបានលឺខ្លាំង​ ជាងសម្លេងកសិករម្នាក់ៗ។

ទី២-ជាមួយគ្នានេះសមាគមនឹងធ្វើជាខែល ឬជាឆ័ត្រការពារ ពោលគឺសមាគមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារផលប្រយោជន៍ស្របច្បាប់ របស់កសិករ ក្នុងករណីមានការរំលោភបំពាន ឬកាកេងចំណេញ​ ឬបង្ខិតបង្ខំលើកសិករពីសំណាក់ឈ្មួញកណ្តាល ឬភាគីពាក់ព័ន្ធមួយចំនួន។

ការលើកទឹកចិត្ត និងសារសំខាន់របស់កសិករជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមបណ្ឌិតប្រធានបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកសិករទាំងអស់នៅស្រុកទឹកផុស សូមចូលរួមជាមួយ “សមាគមន៍បណ្តាញកសិករតេជោ” ដើម្បីទទួលបាននូវ ការគាំពារ ការការពារ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីទីផ្សារ ឥណទាន និងបច្ចេកទេស។

សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រសាសន៍ទៀតថា «កសិករជាឆ្នាំងបាយរបស់ប្រទេសជាតិ និងរបស់ពិភពលោក ដែលមិនអាចខ្វះបានដែលឆ្លុះបញ្ចាំងពីតម្លៃដ៏មហិមារបស់កសិករ ដែលជាសសរស្ដម្ភនៃសន្តិសុខស្បៀងជាតិ និងសកលលោក ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម»។

សមាគមបណ្តាញកសិករតេជោ ចង់ផ្លាស់ប្តូរទម្លាប់កសិករពីការធ្វើកសិកម្មតាមបែបប្រពៃណី ឱ្យក្លាយជា កសិកម្មតាមបែបទំនើប ដើម្បីក្លាយជាកសិករសហគ្រិន។

សមាគមបណ្តាញកសិករតេជោ មានគោលបំណង ចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើក កម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេសការផ្សព្វផ្សាយនិងការស្វែងរកទីផ្សារផលិតផល កសិកម្ម។

បន្ថែមពីនេះមានសកម្មភាព ក្នុងការប្រមូលផ្តុំកសិករតាមតំបន់ ដើម្បីទទួលបាននូវសេវាបច្ចេកទេសផ្នែក កសិកម្ម និងការយល់ដឹងផ្នែកហិរញ្ញវត្ថុផងដែរ៕

អត្ថបទ៖ ប៊ី