ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនសហការជាមួយវៀតណាម និងដៃគូអាស៊ានទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងអនាគតបៃតង ឆ្លាតវៃ និងវិបុលភាពថ្មីសម្រាប់តំបន់ ព្រមទាំងបានស្នើ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម ជួយសម្របសម្រួលការវិនិយោគ និងភ្ញៀវទេសចរវៀតណាមមកកម្ពុជាឱ្យបានកាន់តែច្រើន។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងដូច្នេះ នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ នៅក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋវៀតណាម ក្រោមប្រធានបទ “បរិវត្តិកម្មបៃតងក្នុងយុគសម័យឌីជីថល” កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម ហែម វណ្ណឌី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើការរក្សាសន្តិភាព និងស្ថិរភាពតំបន់ ថាជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់វិបុលភាពរួម និងបរិវត្តកម្មឧស្សាហកម្មប្រកបដោយចីរភាពរបស់តំបន់។

ឯកឧត្តមបានលើកឡើងថា៖ «សន្តិភាព និងស្ថិរភាព បានឈរជាជន្ទល់ទ្រទ្រង់វឌ្ឍនភាពរបស់អាស៊ាន ធ្វើឱ្យសេដ្ឋកិច្ចតំបន់រីកចម្រើន មានសមាហរណកម្ម និងនវានុវត្តន៍។ ប៉ុន្តែភាពតានតឹងថ្មីៗមួយចំនួន រួមទាំងនៅតាមតំបន់ព្រំដែនខ្លះ បានរំឭកយើងថា សន្តិភាពមិនអាចត្រូវបានមើលរំលងឡើយ។ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា ការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការដោះស្រាយទំនាស់ដោយសន្តិវិធី»។
ឯកឧត្តមក៏បានរំលេចនូវនិន្នាការសាកលចំនួន ៣ គឺការផ្លាស់ប្តូរទៅរកគោលការណ៍និរន្តរភាព នវានុវត្តន៍បច្ចេកវិទ្យា និងការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជាកត្តាប្រឈមផង និងក៏ជាឱកាសសំខាន់ ដើម្បីពង្រឹងសមាហរណកម្មអាស៊ាន តាមរយៈការតភ្ជាប់ឌីជីថល ផលិតកម្មស្អាត និងឧស្សាហកម្មរីកចម្រើនថ្មីៗ ដូចជាបញ្ញាសប្បនិម្មិត ជីវវិទ្យាសាស្ត្រ និងរូបធាតុទំនើបជាដើម។
ឯកឧត្តមបានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកំណើនរួមប្រកបដោយការទទួលខុសត្រូវ រួមទាំងការខិតខំធ្វើពិពិធកម្មឧស្សាហកម្ម ការពង្រីកថាមពលកកើតឡើងវិញ ការអភិវឌ្ឍមូលធនមនុស្ស និងការពន្លឿនការស្រាវជ្រាវនិងនវានុវត្តន៍ ស្របតាមតម្រូវការនៃវិស័យឯកជន។
ក្រៅពីការចូលរួមក្នុងវេទិកានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chính នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋវៀតណាម។ ក្នុងឱកាស នោះ ឯកឧត្តមនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបង្ហាញឆន្ទៈពង្រីកពាណិជ្ជកម្មកម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និង បង្កើនការផ្លាស់ប្តូរនិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងបុគ្គលមានទេពកោសល្យ ក្នុងវិស័យយុទ្ធសាស្ត្រនេះសម្រាប់ប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ី


