ការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ ចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង មានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅមូលដ្ឋាន និងបានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។

ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ដូច្នេះ នាឱកាស ពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ នាពេលកន្លងមក។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ជាសត្យានុម័តថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនានាប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត ការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយខ្លួនឯង ការទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ប្រកបដោយសមធម៌ ការបែងចែកផលចំណេញពីសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ សំដៅចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំលឹកជូនអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាត្រូវធានាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជូន ប្រជាសហគមន៍ ជាអាទិភាពទីមួយ ដូចដែល សម្តេច បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាឱកាសចុះធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍តេទឹកពុះ និងសហគមន៍អេកូទេសចរណ៍ខ្នងផ្សារ សហគមន៍ទេសចរណ៍កំពង់ភ្លុក និងសហគមន៍ភ្នំគូលែនជាដើម។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចបន្ថែមថា កម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ានតាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍,ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន, កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Profit-Sharing Model)។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ  ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគ.ជ.អ.អ. មានប្រសាសន៍ថា ទេសចរណ៍ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលឱ្យភ្ញៀវទេសចរផ្ទាល់ ដែលជាការនាំចេញនៅនឹងកន្លែង ពិសេសក៏បានរំលេចអំពីកិច្ចការអភិរក្សរបស់ក្រសួងកសិកម្ម ជាពិសេសកិច្ចខិតខំប្រឹងប្រែងការពារ គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិធម្មជាតិ និងជាការទាក់ទាញដ៏ធំមួយសម្រាប់អេកូទេសចរណ៍នៅកម្ពុជា៕

អត្ថបទ៖ ប៊ី