ក្រុមហ៊ុន លីលី ហ្វ៊ូដ ដែលជាក្រុមហ៊ុនដ៏ធំក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំ លើវិស័យអំបិល ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា។
ការលើកឡើងពីចំណាប់អារមណ៍វិនិយោគនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាស-កម្ពុជា (CPMEC) ដឹកនាំដោយឧកញ៉ា កែវ មុំ ប្រធាន CPMEC និងជាអភិបាលនៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី ដើម្បីពិភាក្សាពីសក្តានុពលនៃការវិនិយោគ និងការធ្វើទំនើបកម្មអនុវិស័យអំបិលនៅកម្ពុជា។
ក្នុងជំនួបនោះ ឧកញ៉ា កែវ មុំ បានលើកឡើងថា ក្រុមហ៊ុន លីលី ហ្វ៊ូដ បានសិក្សាលើអនុវិស័យអំបិល ហើយមានចំណាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំ ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា។ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រពីក្រសួង និងរាជរដ្ឋាភិបាល លើការកែលម្អប្រព័ន្ធឡូជីស្ទីក ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងសភាមុខរបរ និងមីក្រូសហគ្រាស-កម្ពុជា ក្នុងការរួមចំណែកដល់កំណើន និងការលើកកម្ពស់ផលិតភាពនៃអនុវិស័យអំបិល។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងទីផ្សារ ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងសម្រាប់អ្នកផលិតអំបិលទាំងអស់។
ឯកឧត្តមបានលើកឡើងថា ក្រសួងបាននិងកំពុងជំរុញការកែលម្អយន្តការសម្របសម្រួល ក្នុងអនុវិស័យនេះ តាមរយៈសមាគមអ្នកផលិតអំបិលដែលនឹងត្រូវបង្កើតថ្មី ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី ដើរតួនាទីកាតាលីករ ក្នុងនាមជាក្រុមហ៊ុនផលិតខ្នាតធំ ដែលលើកកម្ពស់ស្តង់ដារផលិតកម្ម ពង្រីកឱកាសទីផ្សារ និងកាត់បន្ថយបញ្ហាប្រឈម រួមទាំងបញ្ហាតម្លៃអំបិល។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងត្រៀមខ្លួនសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងក្រុមហ៊ុន ជាមួយនឹងសិប្បករផលិតអំបិល ដោយឈរលើស្មារតីផលប្រយោជន៍ទៅវិញទៅមក និងការបង្កើនទំនុកចិត្តទីផ្សារ៕
អត្ថបទ៖ ប៊ី


