សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតក្នុងការស្នើណាក៏ដោយចំពោះការសុំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោមហេតុផលថា ការបើកព្រំដែននេះ កូនសោរ គឺនៅលើដៃថៃ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ នាឱកាសអញ្ជើញបើក “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីថៃ បិទព្រំដែនមក កម្ពុជាមិនដែលសុំបើកព្រំដែនឡើងវិញនោះទេ ហើយបើថៃនៅតែបន្តបិទទៀតក៏ខ្មែរមិនងាប់ដែរ។ សម្តេចតេជោ បានបន្ដថា បន្ទាប់ពីបិទច្រកព្រំដែនកម្ពុជា-ថៃ មកនាយករដ្ឋមន្ត្រីថៃក៏បានប្រកាសជាច្រើនដង រហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា និយាយដាច់ខាត មិននិយាយពីការបើកច្រកព្រំដែននោះទេ។ ត្រង់ចំណុចនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសរសេរតបវិញលើបណ្តាញសង្គមហ្វេសប៊ុកថា សូមឱ្យថៃបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំ ក៏គ្មានបញ្ហានោះទេ។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រឆាំងដាច់ខាតចំពោះសំណើរណាក៏ដោយដែលភាគីកម្ពុជាស្នើសុំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ព្រោះគេជាអ្នកបិទ យើងទៅសុំបើកកុំធ្វើថោក។ ព្រោះរឿងហ្នឹងយើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនជាអ្នកបិទនោះទេ គឺគេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីបានជាយើងទៅអង្វរសុំគេ»។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានថ្លែងបន្តថា៖ «ខ្ញូំសូមផ្ញើសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល ឬទាហានទេ គឺកម្ពុជាមិនធ្វើថោកទៅស្នើសុំថៃបើកច្រកព្រំដែនឡើងវិញនោះទេ»។ សម្តេចតេជោបានលើកឡើងថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពសម្រាប់ការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយរកទីផ្សារផ្សេងសម្រាប់ផ្គត់ផ្គង់ជំនួសទំនិញថៃ។
សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ «ប៉ុន្តែខ្ញុំសូមនិយាយរឿងមួយថា អ្វីកុំទៅជ្រុលហួស រហូតដល់អ្នកវិនិយោគថៃធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា មិនព្រមទិញទំនិញ ដែលជាការខុសក្បូន បើគេផលិតទំនិញនៅក្នុងប្រទេសកម្ពុជា គឺត្រូវចាត់ទុកជារបស់កម្ពុជា»៕
អត្ថបទ៖ ប៊ី


