អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ កើនដល់ជាង ២០ ម៉ឺននាក់នៅទូទាំងប្រទេស

ចំនួនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួចហើយ បានកើនដល់ជាង២០ម៉ឺននាក់នៅទូទាំងប្រទេស ខណៈយុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះ ត្រូវបានបន្តរៀបចំឡើងនៅខេត្តតាកែវ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។

នេះជាយុទ្ធនាការលើកទី ៦ ក្រោយពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និងកំពង់ស្ពឺ។

ក្នុងយុទ្ធនាការនៅខេត្តតាកែវ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥   ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងខេត្ត ចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ និងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែង។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថាការសម្រេចចក្ខុវិស័យ២០៥០ ត្រូវការតួអង្គសេដ្ឋកិច្ច ដែលបច្ចុប្បន្នមានច្រើនលើសលុបជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់បានឆាប់រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន។

ឯកឧត្តមបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់​លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។

គិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២២០.៦៧៧ ។ ខេត្តតាកែវស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានការស្នើសុំចុះឈ្មោះចំនួនជាង ១៥.៤៦៦ សំណើ ហើយយុទ្ធនាការនេះក៏មានគោលដៅពន្លឿនការចុះឈ្មោះក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើន៕

អត្ថបទ៖ ប៊ី