អ្នកជំនាញសកលផ្នែកវិស័យសេមីកុងដាក់ទ័រ (semiconductor) អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងដៃគូឧស្សាហកម្ម បានពិភាក្សាដើម្បីចាប់ផ្តើមរៀបចំ “ផែនទីបង្ហាញផ្លូវស្វ័យប្រវត្តិកម្មសម្រាប់ការរចនាអេឡិចត្រូនិកកម្ពុជា” ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា។
ក្នុងកិច្ចប្រជុំ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញមហិច្ឆតាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេមីកុងដាក់ទ័រ ប្រកបដោយភាពប្រកួតប្រជែងមួយ។
ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះស្របតាមគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០។ គោលដៅរបស់យើងគឺអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង ដោយធ្វើពិពិធកម្មឧស្សាហកម្មលើសពីវស័យប្រពៃណី។ វិស័យអេឡិចត្រូនិកមានសារៈសំខាន់ណាស់ ដោយរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកប្រមាណ ៣៧% ហើយជាកម្លាំងជំរុញយុទ្ធសាស្រ្ត សម្រាប់សន្តិសុខជាតិ និងអធិបតេយ្យភាពបច្ចេកវិទ្យា។”

ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញមកពីក្រុមហ៊ុន Eteros Technology (USA) និង WBA Japan បានបង្ហាញអំពីនិន្នាការវិស័យសេមីកុងដាក់ទ័រសកល សារៈសំខាន់ជាយុទ្ធសាស្រ្តនៃការចាប់យកប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការរចនាអេឡិចត្រូនិក (Electronic Design Automation) និងកម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់កម្ពុជាលើជំនាញរចនា និងការអនុវត្តសំខាន់ៗ។
នៅទូទាំងពិភពលោកការលក់សេមីកុងដាក់ទ័រ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦២៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ប៉ុន្តែពិភពលោកកំពុងខ្វះអ្នកជំនាញក្នុងវិស័យនេះយ៉ាងច្រើន។
កិច្ចសហការលើគំនិតផ្តួចផ្តើមនេះត្រូវបានរំពឹងថា នឹងពង្រឹងបរិវត្តកម្មឌីជីថលរបស់កម្ពុជា កសាងសមត្ថភាពនវានុវត្តន៍ឧស្សាហកម្ម និងរៀបចំកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។ គំនិតផ្តួចផ្តើមនេះគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងពង្រឹងភាពជាដៃគូរវាងស្ថាប័នក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ៕
អត្ថបទ៖ ប៊ី


