អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាភាគច្រើន គ្រប់គ្រងដោយស្ត្រី

ប្រមាណ ៧០% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជា គ្រប់គ្រងដោយស្ត្រី ឬមានស្ត្រីជាម្ចាស់ ដែលមាននាទីដ៏សំខាន់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។ នេះបើយោងតាមទិន្នន័យអង្កេតសេដ្ឋកិច្ចកម្ពុជា។

ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ ដែលប្រព្រិត្តទៅ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ពីទស្សនៈវិស័យទៅជាបេសកកម្ម៖ សហគ្រិនស្រ្តីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” ដោយរំលេចតួនាទីដ៏សំខាន់របស់សហគ្រិនស្ត្រី ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។

ទិវាប្រចាំឆ្នាំនេះ បានប្រមូលផ្តុំស្ត្រីជាអ្នកដឹកនាំធុរកិច្ច អ្នករៀបចំគោលនយោបាយ និងស្ត្រីជានវានុវត្តន៍ករ ប្រមាណ ៣០០ នាក់ មកចែករំលែកបទពិសោធន៍ បង្ហាញសមិទ្ធផល និងស្វែងរកដំណោះស្រាយសម្រាប់ការអនុវត្តគោលការណ៍និរន្តរភាពនៅក្នុងអាជីវកម្ម។

តាមដានជាមួយយើង៖ Million Times

ថ្លែងក្នុងពិធីបិទទិវានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការវិវត្តឆ្ពោះទៅផលិតកម្មកាន់តែបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានតម្លាភាព និងក្រមសីលធម៌អាជីវកម្ម មិនមែនគ្រាន់តែជានិន្នាការប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ពាណិជ្ជកម្មសកល។”

មទិន្នន័យអង្កេតសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានឱ្យដឹងថា ប្រមាណ ៧០% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជា គ្រប់គ្រងដោយស្ត្រី ឬមានស្ត្រីជាម្ចាស់។ ប៉ុន្តែអង្គភាពសេដ្ឋកិច្ចដែលដឹកនាំដោយស្ត្រីទាំងនោះ ភាគច្រើន ប្រតិបត្តិការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរឹតត្បិតលទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ ជំនួយអភិវឌ្ឍអាជីវកម្ម និងការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖“ការផ្លាស់ប្តូរទៅរកផលិតកម្មបៃតងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។​ វត្ថុធាតុដើមដែលមានមេត្រីភាពបរិស្ថាន ថាមពលស្អាត បច្ចេកវិទ្យាបៃតង ឬវិញ្ញាបនបត្របៃតង អាចធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើងចំពោះមុខ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានដើមទុនតិច។”

ឯកឧត្តមបានលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗ ដូចជាពិនិត្យតាមដានការប្រើប្រាស់ថាមពលរបស់រោងចក្រ-សហគ្រាស កាត់បន្ថយសំណល់ និងប្រើប្រាស់វត្ថុធាតុដើមដែលមាននិរន្តរភាព ពិសេសពីប្រភពនិងធនធានកសិផលក្នុងស្រុក។

ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ ក៏បានផ្តល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ជាសហគ្រិនស្ត្រីចំនួន ៩ រូប ដែលបានរួមចំណែកបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងអភិវឌ្ឍផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលបង្ហាញពីការប្តេជ្ញាចិត្ត ភាពធន់ និងការដឹកនាំរបស់សហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចបៃតង និងបរិយាបន្ន៕

អត្ថបទ៖ ប៊ី