អភិបាលខេត្តកំពង់ធំ ជំរុញឱ្យឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងបញ្ចៀសការកកស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត។

នាឱកាសដែរឯកឧត្តម នួន ផារ័ត្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវសំដៅរក្សាលំនឹងថ្លៃស្រូវ នៅក្នុងរដូវប្រមូលផលនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែតុលា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់ប្រជាកសិករ ដែលឈ្មួញកណ្តាលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ដែលត្រូវតែស្វែងរកដំណោះស្រាយចំពោះមុខរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង និងឱ្យបានទាន់ពេលវេលាជូនប្រជាកសិករ។ 

ទោះបីជាការប្រមូលផលស្រូវនៅមានចំនួនតិចធៀបនឹងផ្ទៃដីបង្កបង្កើនផលនៅឡើយ ឯកឧត្តមអភិបាលបានណែនាំឱ្យអាជ្ញាធរក្រុងស្រុកទាំង៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យបន្តចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាកសិករ ដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈមពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការ និងការជួយគាំទ្រដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។ 

តាមដានជាមួយយើង៖ Million Times

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន សូមថ្លែងអំណរគុណដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្ត រដ្ឋបាលក្រុងស្រុក ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសនៃការរៀបចំពិធីបណ្តែតប្រទីប បង្ហោះគោម និងបួងសួងសុំសេចក្តីសុខ និងពិធីបុណ្យឯករាជ្យជាតិនាពេលកន្លងមក ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្តនឹងបន្តការយកចិត្តទុកដាក់លើការងារអាទិភាពបន្ថែម សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិកបន្ថែម ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវមានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្លុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។

ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទានជាមុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

ធនាគារ ARDB បានបញ្ជាក់ដូច្នេះថា ៖«ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ»៕

អត្ថបទ៖ ប៊ី