សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ប៉ុន្តែកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ អាចនឹងមានកំណើនថមថយបន្តិច ដោយអាចនឹងសម្រេចបានក្នុងអត្រា ៥%។ ជារួម កម្ពុជានៅតែរក្សាបាននូវចលនការកំណើនល្អ ដោយសារការមានគាំទ្រដោយវិស័យបម្រើការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុ សាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ថា ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ នេះ, ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញ លើស្ថានភាពសេដ្ឋកិច្ចដោយរំពឹងថា ជារួម សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ពោលគឺដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) កាលពីខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ក៏ប៉ុន្តែកំណើនតាមវិស័យ និងអនុវិស័យមួយចំនួនមានការប្រែប្រួល ដោយវិស័យខ្លះត្រូវបានវាយតម្លៃថានឹងអាចសម្រេចបាននូវកំណើនខ្ពស់ជាងការរំពឹងទុក វិស័យខ្លះនឹងអាចសម្រេចបាននូវកំណើន ដូចការរំពឹងទុក និងវិស័យខ្លះទៀត នឹងអាចសម្រេចបាននូវកំណើនទាបជាងការរំពឹងទុក ដោយសារបច្ច័យនៃការអនុវត្តពន្ធគយបដិការ របស់សហរដ្ឋអាម៉េរិក និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ៖«ទន្ទឹមនេះ ខ្ញុំសូមបញ្ជាក់បន្ថែមថា តួលេខកំណើនរួម និងតាមវិស័យ ជាការគិតគូរ មាននិន្នាការប្រហាក់ប្រហែលទៅនឹងការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរ-ជាតិធំៗ ប៉ុន្តែជាទំហំ (Magnitude) គឺលម្អៀងគ្នាបន្តិចបន្តួច ផ្អែកលើការសន្មតិ គន្លឹះៗ និងយុត្តិកម្មរបស់ជំនាញ (Expert judgement and justification) នៃស្ថាប័នរៀងខ្លួន»។
ឯកឧត្តម បានបន្តថា ៖«ជាក់ស្តែង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ អាចសម្រេចបានក្នុងអត្រា ៤,៨%, ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានវាយតម្លៃថា អាចនឹងសម្រេចបានក្នុងអត្រា ៤,៩%»។
សម្រាប់ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF ប៉ុន្តែមានការកែសម្រួលនូវអត្រាកំណើនទៅតាមវិស័យ និងអនុវិស័យនីមួយៗ។ បើពិនិត្យជារួម «ក្របខណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ ២០២៦-២០២៨» ដែលត្រូវបានដាក់ចេញ កាលពីខែមេសា ឆ្នាំ ២០២៥ នៅតែមានភាពសមស្របសម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ ដើម្បីធានានូវ ភាពទាន់ពេលនៃការបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ស្របតាមប្រតិទិនកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ជាគោលការណ៍ លទ្ធផលជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ និងការវាយតម្លៃ ឡើងវិញអំពីកំណើនឆ្នាំ ២០២៦ នឹងត្រូវបានធ្វើឡើងម្តងទៀតនៅដើមឆ្នាំ ២០២៦ សម្រាប់ការរៀបចំ MTFF ឆ្នាំបន្ទាប់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ៖«ជាការពិត កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ដែលត្រូវបានព្យាករថា អាចនឹងសម្រេចបានក្នុងអត្រា ៥% នេះ មានកំណើនថមថយបន្តិច បើធៀបឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីកម្មវិបាកនៃការអនុវត្តពន្ធគយបដិការមកលើវិស័យបម្រើការនាំចេញ គួបផ្សំនឹងការរំពឹងទុកនូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទ មុន មានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នោះទេ»។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ទោះជាយ៉ាងណា ជារួម កម្ពុជានៅតែរក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ ដែលត្រូវបានគាំទ្រដោយវិស័យបម្រើការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។
ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ ផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាមេរិក ខណៈដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថានឹងបន្តមានស្ថិរភាព ក្នុងនោះអត្រាអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ ២០២៦ ក្រោមការរំពឹងទុកនៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ ជាពិសេស ថ្លៃប្រេងឥន្ធនៈ ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពចាយវាយនៅបន្តមាននិន្នាការវិជ្ជមាន។
អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹងថានឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៦។ ចំណែកឯ ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ ខែ៕
អត្ថបទ៖ ប៊ី


