ន.ម.ក និងក្រុមហ៊ុនដ៏ធំរបស់ម៉ាឡេស៊ី សហការគ្នាជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) កាលពីថ្មីៗនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Maybank International Holdings Sdn. Bhd. (MIH) ដែលជាផ្នែកមួយនៃក្រុមហ៊ុន Maybank Investment Banking Group (Maybank IBG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារមូលបត្រនៅកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការធ្វើបច្ចុប្បន្នភាពនៃ MOU នេះ មានគោលបំណងបន្តនូវកិច្ចសហប្រតិបត្តិការ និងក្របខ័ណ្ឌជំនួយ បច្ចេកទេសដែលមានស្រាប់ ដោយផ្តល់វេទិកាសម្រាប់ការកសាងសមត្ថភាព ការចែករំលែកជំនាញបទប្បញ្ញត្តិ និងកិច្ចសហការបច្ចេកទេស ដើម្បីជួយជំរុញនូវការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។

បន្ទាប់ពីការចុះ MOU កាលពីឆ្នាំ ២០២០ និង ២០២៣ ក្រុមហ៊ុន Maybank IBG និង ន.ម.ក. បានជួប ប្រជុំពិភាក្សា និងចែករំលែកនូវជំនាញជាច្រើន ដែលបានចូលរួមជំរុញនូវការរីកចម្រើននៃទីផ្សារ ដូចជា៖ ទីផ្សារ សញ្ញាបណ្ណ និងទីផ្សារឧបករណ៍និស្សន្ននៅកម្ពុជា ក្របខ័ណ្ឌសវនកម្មពន្ធដារ និងគម្រោងវិនិយោគរួម។

តាមដានជាមួយយើង៖ Million Times

ក្រោមកិច្ចព្រមព្រៀងថ្មីរយៈពេល ២ ឆ្នាំនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការកសាងសមត្ថភាពលើផ្នែក៖ អភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ អនុលោមភាព ស្តង់ដាហិរញ្ញវត្ថុ និងគណនេយ្យ និងនវានុវត្តន៍ ផលិតផល។ ការបន្តភាពជាដៃគូនេះ ក៏នឹងផ្តោតលើការលើកកម្ពស់ការចូលរួមរបស់វិនិយោគិន និងការទាក់ទាញ វិនិយោគិនបរទេសចូលមកវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជាផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. បានលើកឡើងថា៖ «MOU នេះ គឺជាជំហានសំខាន់មួយទៀតក្នុងទំនាក់ទំនងប្រកបដោយភាពជឿជាក់ និងយូរអង្វែងរវាង ន.ម.ក. និងក្រុមហ៊ុន MIH។ វិស័យមូលបត្រនៅកម្ពុជាបន្តអភិវឌ្ឍន៍ ហើយភាពជាដៃគូនេះ ផ្តល់នូវជំនាញដ៏មានតម្លៃ ក្នុងការអភិវឌ្ឍនូវក្របខ័ណ្ឌបទប្បញ្ញត្តិ បង្កើនផលិតផលវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ភាពរីកចម្រើននៃទីផ្សារនេះ។ យើងនឹងបន្តនូវកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់នវានុវត្តន៍ ប្រសិទ្ធភាព និងទំនុកចិត្តវិនិយោគិនក្នុងទីផ្សារមូលបត្រនៅកម្ពុជា»។

លោក Michael Oh-Lau នាយកប្រតិបត្តិនៃក្រុមហ៊ុន Maybank IBG បានលើកឡើងថា ៖ «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយ ន.ម.ក. ដើម្បីចូលរួមគាំទ្រដល់ចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រឆ្នាំ ២០២៥-២០៣៥ ជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ក្នុងចំណោមផែនទីបង្ហាញផ្លូវផ្សេងៗទៀត ក្នុងការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងសេវាកម្ម និងជំរុញការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលជាផ្នែកដែលក្រុមហ៊ុន MIH នាំយកនូវអ្នកជំនាញមានបទពិសោធន៍ និងបណ្តាញនៅអាស៊ាន។ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅឆ្នាំ២០២៥ និងតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកើនឡើង ទីផ្សារមូលបត្រកម្ពុជា គឺជាប្រភពទុនដ៏មានសក្តានុពលយ៉ាងសំខាន់ ជាពិសេសសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព»។

គួររំលឹកផងដែរថា ក្រុមហ៊ុន MIH មានវត្តមាននៅប្រទេសកម្ពុជាប្រមាណជាង ៣០ ឆ្នាំ មកហើយ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុន MIH មាន ២១ សាខា នៅទូទាំងប្រទេស ដោយផ្តល់នូវដំណោះស្រាយ និងសម្របសម្រួលបញ្ហាហិរញ្ញវត្ថុជូនអតិថិជន ដើម្បីគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ ក្រៅពីការផ្តល់សេវាធនាគារ ក្រុមហ៊ុន MIH នៅកម្ពុជា ក៏បន្តពង្រឹងការគាំទ្រដល់សហគ្រាសតូច និងមធ្យម (SME) និងម្ចាស់អាជីវកម្ម តាមរយៈគម្រោងដូចជា៖ ដោះស្រាយបញ្ហាហិរញ្ញវត្ថុនាំចេញរបស់ SME (SME Export Finance Solution) និងកម្មវិធីកសាងសមត្ថភាព (Capacity-Building Programme) ដែលជួយជំរុញឱ្យអាជីវកម្មក្នុងស្រុកអាចពង្រីកសកម្មភាពក្នុងតំបន់ និង ពិភពលោក៕

អត្ថបទ៖ ប៊ី