ក្រុមហ៊ុនវិទ្យា​វេជ្ជសាស្ត្រអាមេរិក ពិនិត្យ​លទ្ធភាព​ពង្រីកការវិនិយោគ​នៅ​កម្ពុជា​

ក្រុមហ៊ុន Siemens Healthineers  ដែលមានមូលដ្ឋាននៅអាមេរិក បានបញ្ជាក់ថានឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល។

ការពិនិត្យលទ្ធភាពវិនិយោគនេះ ត្រូវបានធ្វើឡើង ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាមេរិក កាលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងការទទួលបានសេវាថែទាំសុខភាព។

ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ជាន់ខ្ពស់ លំដាប់ថ្នាក់​ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

តាមដានជាមួយយើង៖ Million Times

គោលបំណង​នៃ​ជំនួបនាឱកាសនេះគឺ សំដៅជំរុញ​ឱ្យ Siemens Healthineers ពិនិត្យ​លទ្ធភាព​នៃ​ការ​ចូលរួម​ផ្គត់ផ្គង់ បំពាក់ និង​ថែទាំ​ឧបករណ៍​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​ខ្ពស់​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ផ្តោត​សំខាន់​របស់​រាជរដ្ឋាភិបាល​លើ​ការ​ពង្រឹង​គុណភាព​សេវា​សុខាភិបាល ជូនដល់បងប្អូន​ប្រជាពលរដ្ឋផងដែរ​។

ឯកឧត្តម ក៏បាន​ស្នើឱ្យក្រុមហ៊ុន Siemens Healthineers ពិនិត្យលទ្ធភាពក្នុងការចូលរួមជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត​ផង​ដែរ ដោយផ្តោត​លើ​ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ (Radiologists) និង​វិស្វករ​ដែល​អាច​ថែទាំ និង​ជួសជុល​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​បាន​ដោយ​ខ្លួនឯង (Localization of Skill)​។

ទន្ទឹមនឹងនេះ​ តាមរយៈការលើកបង្ហាញអំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា សក្តានុពលនានារបស់កម្ពុជា និងច្បាប់វិនិយោគដែលមានភាពអំណោយផល សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស និងការលើកទឹកចិត្តជាយុទ្ធសាស្ត្រនានា ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បី​ធ្វើពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួនផងដែរ។​

ជាការ​ឆ្លើយតប​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Siemens បាន​សម្តែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​របស់​កម្ពុជា និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ ដោយ​បាន​លើកឡើង​ថា ពួកគេ​នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ស្របតាម​បរិយាកាស​វិនិយោគ​ថ្មី ។

បន្ថែមពីនេះ Siemens Healthineers បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​នូវ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ និង​ដំណោះស្រាយ​សុខាភិបាល​ប្រកបដោយ​និរន្តរភាព​ដល់​កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ ដែលអាចកើតមាននាពេលខាងមុខ។

តាមរយៈជំនួប​នេះ​ អាចចាត់ទុកថាជាការ​បើក​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​កំពូល​នៅលើពិភពលោក ហើយភាគី​ទាំងពីរ​បានសម្តែងនូវសុឆន្ទៈរួមមួយ ដើម្បី​បន្ត​កិច្ចពិភាក្សា​បច្ចេកទេស និង​សិក្សា​លើ​លទ្ធភាព​នៃ​គម្រោង​វិនិយោគ​ជាក់ស្តែង​ក្នុង​រយៈពេល​ខ្លី​ខាងមុខ ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​នៅ​កម្ពុជា៕

អត្ថបទ៖ ប៊ី