បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដា ១៤ បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងប្រទេសកាណាដា កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារតុមូល ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។
ជំនួបពិភាក្សាការងារតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយ ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ធុរជនកាណាដា ដែលមានបំណងស្វែងយល់ និងបោះទុនវិនិយោគលើទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម, សុខាភិបាល, ទេសចរណ៍, និងបច្ចេកវិទ្យា។ល។

បន្ថែមពីនោះ ជំនួបពិភាក្សាការងារតុមូល ក៏ត្រូវបានប្រើប្រាស់ជាវេទិកាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រដល់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះហត្ថលេខាលើឯកសារនេះ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា ដែលបានបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានតម្លាភាព និងអំណោយផលខ្ពស់។ ជាមួយគ្នានោះ ក្រុមធុរជនកាណាដាដែលមានវត្តមានចូលរួម ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។
ស្ថាប័នធុរកិច្ចដែលបានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារតុមូលនាព្រឹកនេះ រួមមាន៖
១. ក្រុមហ៊ុនច្បាប់អន្តរជាតិ Fasken
២. Royal Bank of Canada – ក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពហុជាតិសាសន៍របស់កាណាដា និងជាធនាគារដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដោយផ្អែកលើទំហំមូលធនទីផ្សារ (market capitalization)។ ក្រុមហ៊ុននេះប្រតិបត្តិការក្រោមឈ្មោះសំខាន់ RBC
៣. Caisse de dépôt et placement du Québec (CDPQ) – ក្រុមហ៊ុនគ្រប់គ្រងមូលនិធិស្ថាប័នដ៏ធំបំផុតមួយនៅក្នុងប្រទេសកាណាដា និងអាមេរិកខាងជើង
៤. Cirque du Soleil – ក្រុមហ៊ុនកម្សាន្តរបស់កាណាដា ដែលបានធ្វើបដិវត្តន៍លើទម្រង់សិល្បៈសៀកបែបទំនើប ដោយផ្តោតលើភាពអស្ចារ្យនៃសិល្បៈ សមត្ថភាពកាយសម្ព័ន្ធ ការរចនាឆាក និងសូរសម្លេងតន្ត្រី ជាជាងការប្រើប្រាស់សត្វ
៥. Centre hospitalier de l’Université de Montréal (CHUM) – មជ្ឈមណ្ឌលមន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនិងទំនើបបំផុតមួយនៅអាមេរិកខាងជើង ដែលមានទីតាំងនៅទីក្រុងម៉ុងត្រេអាល់
៦. Brivia Group – ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយនៅកាណាដា
៧. Pomerleau – ក្រុមហ៊ុនសំណង់ដ៏ធំជាងគេមួយនៅកាណាដា ដែលមានឯកទេសលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស្វកម្មស៊ីវិលខ្នាតធំ
៨. MTY Food Group Inc. – ក្រុមហ៊ុនផ្ដល់សិទ្ធិអាជីវកម្ម (Franchisor) ដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មម្ហូបអាហាររបស់ទ្វីបអាមេរិកខាងជើង ដែលមានជំនាញលើវិស័យសេវាម្ហូបអាហាររហ័ស (Quick Service) និងហាងអាហារបែប Casual Dining
៩. Power Corporation of Canada (POW) – ក្រុមហ៊ុនគ្រប់គ្រង និងកាន់កាប់ (Management and Holding Company) ដែលផ្តោតសំខាន់លើវិស័យសេវាហិរញ្ញវត្ថុ
១០. Scotiabank (ឈ្មោះផ្លូវការគឺ The Bank of Nova Scotia) – ស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុអន្តរជាតិដ៏លេចធ្លោមួយរបស់កាណាដា ត្រូវបានគេស្គាល់ថាជាស្ថាប័នធនាគារកាណាដា ដែលមានវត្តមានអន្តរជាតិច្រើនជាងគេ
១១. Olymel L.P. – ក្រុមហ៊ុនឧស្សាហកម្មកសិ-ចំណីអាហារដ៏ធំជាងគេមួយនៅកាណាដា និងជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត កែច្នៃ និងចែកចាយសាច់ជ្រូក និងសាច់បសុបក្សី
១២. Conseil des relations internationales de Montréal (CORIM) – ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៃម៉ុងត្រេអាល់ ជាស្ថាប័នសំខាន់មួយនៅទីក្រុងម៉ុងត្រេអាល់ ដែលដើរតួនាទីជាវេទិកាក្នុងការផ្សព្វផ្សាយ និងពិភាក្សាអំពីកិច្ចការអន្តរជាតិ
១៣. Investissement Québec – សាជីវកម្មហិរញ្ញវត្ថុ និងជាទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចផ្លូវការរបស់រដ្ឋបាលខេត្តគេប៊ិច ប្រទេសកាណាដា
១៤. Deloitte Canada – ក្រុមហ៊ុនផ្ដល់សេវាវិជ្ជាជីវៈដ៏ធំជាងគេមួយនៅកាណាដា ជាផ្នែកមួយនៃបណ្តាញសកល Deloitte Touche Tohmatsu Limited ដែលជាបណ្តាញផ្ដល់សេវាដ៏ធំមួយក្នុងចំណោមបួន (Big Four) លើពិភពលោក៕
អត្ថបទ៖ ប៊ី


