ជើងហោះហើរភ្នំពេញ-តូក្យូ នឹងជួយជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន

ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ជើងហោះរវាងរាជធានីភ្នំពេញ និងតូក្យូ នឹងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត ដ៏សំខាន់សម្រាប់ការជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើររវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា, លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ឯកឧត្តម-លោកជំទាវជាថ្នាក់ដឹកនាំពីស្ថាប័នរដ្ឋ និងឯកជន ភ្ញៀវកិត្តិយសជាច្រើនរូប នាអាកាសយានដ្ឋានអន្តរជាតិតេជា។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល តាមរយៈការទទួលស្វាគមន៍ជើងហោះហើរដំបូង រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនហោះហើរ Air Cambodia ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការចាប់ផ្តើមបើកបរសេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន។ វាបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏មានប្រសាសន៍បន្ថែមទៀតថា ៖«តាមរយៈបណ្តាញហោះហើរថ្មីនេះ យើងរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជាទៅទស្សនាប្រទេសជប៉ុនផងដែរ»។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ៖«ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត»៕

អត្ថបទ៖ ប៊ី