អូទ្រីស គ្រោងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា

វិស័យឯកជនអូទ្រីស មានបំណងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយវិស័យឯកជនកម្ពុជា លើវិស័យសំខានៗចំនួន ៤ រួមមាន វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។

គោលបំណងនេះត្រូវបានលើកឡើង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងាររវាង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Michael Friedl ទីប្រឹក្សាពាណិជ្ជកម្មប្រទេសអូទ្រីស និងជាប្រធាន ADVANTAGE AUSTRIA ប្រចាំកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូទ្រីស។

នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងអនុលោមភាពទៅនឹងបទប្បញ្ញត្តិនិងស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានលើកឡើងអំពីសក្តានុពលនៃវិស័យសំខាន់ៗ មួយចំនួន រួមមាន៖ ទេសចរណ៍ កសិកម្ម ដូចជាការកែច្នៃកសិផល (អង្ករ ស្វាយចន្ទី ម្រេច និងដំឡូងមី) និងឧស្សាហកម្ម (សំលៀកបំពាក់ ស្បែកជើង និងកង់) ព្រមទាំងការផ្តោតរបស់កម្ពុជាលើការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward Linkage) ជាដើម។

តាមដានជាមួយយើង៖ Million Times

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានស្នើសុំភាគីមិត្តពិចារណាលើការបង្កើតក្របខណ្ឌរួមគ្នា តាមរយៈកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា វាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម។

ជាកិច្ចឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្មប្រទេសអូទ្រីស បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចអូទ្រីស និងបញ្ជាក់ពីបំណងរបស់វិស័យឯកជនអូទ្រីស ក្នុងការពង្រីកការធ្វើពាណិជ្ជកម្មនិងវិនិយោគជាមួយវិស័យឯកជនកម្ពុជា ព្រមទាំងជម្រាបជូនអំពីវិស័យដែលចាប់អារម្មណ៍រួមមាន៖ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការជួយជំរុញកិច្ចសហការរវាងវិស័យឯកជន ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ននិងចីរភាព៕

អត្ថបទ៖ ប៊ី