ការចូលជាសមាជិកពេញសិទ្ធិអង្គការ ISO របស់កម្ពុជា នឹងជួយជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្ម

ក្រុមប្រឹក្សាស្តង់ដារជាតិ បានរៀបចំទិវាស្តង់ដារពិភពលោកជាលើកទី ១នៅកម្ពុជា ក្រោមប្រធានបទ “ទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥  ស្រមពេលជាមួយនឹងការចូលជាសមាជិកពេញសិទ្ធិអង្គការ ISO និងការផ្តោតលើតួនាទីស្តង់ដារក្នុងការជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុក។

ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានសង្កត់ធ្ងន់លើតួនាទីស្នូលនៃស្តង់ដារ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការពង្រឹងឧស្សាហកម្ម និងសមត្ថភាពផលិតក្នុងស្រុក។

ឯកឧត្តម បានលើកឡើងថា ៖«សម្រាប់កម្ពុជា ស្តង់ដារមិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង។ តាមរយៈការអភិវឌ្ឍ និងអនុវត្តស្តង់ដារ ផលិតករ ឧស្សាហករ និងសេវាករក្នុងស្រុកអាចកែលម្អគុណភាព និងសុវត្ថិភាពផលិតផល ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ»។

ការអនុវត្តតាមស្តង់ដារមានសារៈសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនផលិតភាព​ និងធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួន ទៅជាប្រទេសផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

តាមដានជាមួយយើង៖ Million Times

គិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១.១៥៣ រួមទាំងស្តង់ដារថ្មីចំនួន ២១ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពីខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬស្តង់ដារអន្តរជាតិក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន។

ឯកឧត្តមបានបន្ថែម​ថា​ ៖ «ស្តង់ដារ​គឺជា​មូលដ្ឋាន​នៃ​សុវត្ថិភាព ការ​បង្កើត​ថ្មី និង​ការ​ជឿជាក់របស់អ្នកប្រើប្រាស់​​។ សូមចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់យើង ដើម្បីប្រកួតប្រជែង និងទទួលបានទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»។ 

នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ពី ”សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំមហាសន្និ​បាត​​លើក​​ទី៤៧ របស់ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា​។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជាមានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់អង្គការ ISO ចូលរួមអភិវឌ្ឍស្តង់ដារពិភពលោក និងការពារផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិក្នុងវិស័យស្តង់ដារ។

ឯកឧត្តម​បាន​លើកឡើង​ថា​ ៖ «ការ​ដំឡើងកម្រិតសមាជិកភាពនេះ​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​សំឡេង​ក្នុង​ការ​អភិវឌ្ឍស្តង់ដារ​អន្តរជាតិ​ដែលផ្តល់ផលដល់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​យើង​ ហើយក៏ជាការបើកឱកាសដ៏សំខាន់សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសហការអភិវឌ្ឍស្តង់ដារដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជាផងដែរ»។

ទិវាស្តង់ដារពិភពលោកនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាស្តង់ដារជាតិ គណៈកម្មការបច្ចេកទេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ស្តង់ដារ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងកំណើនឧស្សាហកម្មប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ី