ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៤

ក្រសួងទេសចរណ៍ បានដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៤ សុពលភាពឆ្នាំ ២០២៦-២០២៩ ដើម្បីជំរុញលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុង និងខណ្ឌ ក្នុងប្រទេសកម្ពុជា ពិសេសរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

ការ​ដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ត្រូវបានប្រព្រិត្តឡើង ក្រោមអធិបតីភាព របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។

ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងគណៈអភិបាលរាជធានី ខេត្ត, មន្ទីរទេសចរណ៍រាជធានី ខេត្ត និងតំណាងសមាគមទេសចរណ៍ ព្រមទាំងវិស័យឯកជន និងសិក្ខាកាមទាំងអស់ ប្រមាណជាង ៣៥០នាក់។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

ឯកឧត្តមបានថ្លែងបន្តថា លើសពីនេះទៅទៀត រាជរដ្ឋាភិបាល មានបំណងបំផុស និងលើកទឹកចិត្ត តាមរយៈការផ្តល់រង្វាន់ដល់ក្រុង និងខណ្ឌដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ឱ្យក្លាយជាទីក្រុងស្អាត ឆ្លាត បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ ព្រមទាំងមានលក្ខណៈប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច កិច្ចគាំពារសង្គម បរិស្ថានប្រកបដោយចីរភាព ជាពិសេសការរក្សាឱ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិរក្សសម្បត្តិធនធានធម្មជាតិ ធនធានវប្បធម៌និងបរិស្ថាន។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ដើម្បីចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា, ការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យទេសចរណ៍, ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍, ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗនិងមានភាពទាក់ទាញ គឺជាការទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដោយរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ, វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដែលចូលរួមសហការយ៉ាងសកម្ម ក្នុងការរៀបចំក្រុង និងខណ្ឌ ឱ្យកាន់តែមានភាពរស់រវើក មានផាសុកភាពក្នុងការរស់នៅ និងមានឧត្ដមភាពសម្រាប់ការប្រកបធុរកិច្ច ព្រមទាំងជាទីទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច ល្អ» ដែលមិនត្រឹមតែចូលរួម ដល់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាព ប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងសកលលោកតាមរយៈការចូលរួមប្រកួតប្រជែងដណ្ដើមជ័យលាភីស្ដង់ដាកម្រិតតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ពានរង្វាន់ផ្ទះស្នាក់អាស៊ាន, ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន និងពានរង្វាន់ស្តង់ដាសេវាកម្មស្ប៉ាអាស៊ាន ជាដើម៕

អត្ថបទ៖ ប៊ី