ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ បានដឹកនាំសមាជិកចំនួន ៦ ក្រុមហ៊ុន ជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី ដើម្បីបន្តជំរុញការនាំចេញអង្ករខ្មែរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត ទៅទីផ្សារអឺរ៉ុប។
បន្ទាប់ពី ដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួន ៦ ក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត ៥) ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក និង ៦) ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក ជួបពិភាក្សាជាមួយលោក Bruno Sempio ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Euricom S.P.A និង លោកស្រី Lombado Paolina ប្រធានគ្រប់គ្រងនាំចេញរបស់ក្រុមហ៊ុន។
គោលបំណងនៃការជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើការបញ្ជាទិញអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។


នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្តចំពោះអង្ករកម្ពុជាដែលមានគុណភាពល្អជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេ នៅក្នុងឆ្នាំ២០០៩ ស្របពេលដែលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងកិច្ចពិភាក្សានេះដែរ តំណាងក្រុមហ៊ុន Euricom Group ក៏បានលើកអំពីបញ្ហា និងកង្វល់មួយចំនួន ដែលសំណូមពរឱ្យភាគីកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្មលើសកម្រិតកំណត់របស់ច្បាប់សហគមន៍អឺរ៉ុប និងបញ្ហាដែលកសិករនៅអឺរ៉ុបកំពុងទាមទារឱ្យមានការដាក់វិធានរក្សាការពារឡើងវិញ (Safeguard) ចំពោះអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ដោយសារអង្កររបស់ប្រទេសទាំងពីរនេះកំពុងចរាចរច្រើននៅលើទីផ្សារសហគមន៍អឺរ៉ុប ដែលធ្វើឱ្យតម្លៃស្រូវរបស់កសិករនៅសហគមន៍អឺរ៉ុបមានការធ្លាក់ថ្លៃ។ ទីផ្សារសហគមន៍អឺរ៉ុបមានតម្រូវការអង្ករប្រចាំឆ្នាំប្រមាណជា ១ លាន ៤ ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយអង្ករកម្ពុជាបានគ្របដណ្តប់ទីផ្សារសហគមន៍អឺរ៉ុបទាំងមូលប្រមាណជាជាង ៣០%។
ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់តំណាងក្រុមហ៊ុនដែលបានលើកឡើង ឧកញ៉ា ឡាយ ឈុនហួ ក៏បានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការកំណត់នូវវិធានការបន្ទាន់ មធ្យម និងរយៈពេលវែងលើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្ម តាមរយៈការបែងចែកតំបន់ដាំដុះ វិធានការត្រួតពិនិត្យថ្នាំនាំចូល និងការបង្រៀនកសិករក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មឱ្យបានត្រឹមត្រូវ។
ចំពោះបញ្ហាកង្វល់របស់កសិករនៅសហគមន៍អឺរ៉ុប សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលផ្នែកបច្ចេកទេសរបស់សហព័ន្ធដើម្បីពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់អំពីអង្ករកម្ពុជា ដោយអង្ករកម្ពុជាដែលលក់នៅក្នុងទីផ្សារសហគមន៍អឺរ៉ុប គឺជាប្រភេទអង្ករក្រអូបគ្រាប់វែង (Jasmine Rice-Long Grain) ដែលមានលក្ខណៈខុសពីអង្ករ ស មិនក្រអូបគ្រាប់កណ្តាល (White Rice-Medium Grain) របស់ប្រជាកសិករនៅក្នុងសហគមន៍អឺរ៉ុប។
សូមបញ្ជាក់ផងដែរថា ៖ ក្រុមហ៊ុន Euricom Group ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងសហគមន៍អឺរ៉ុបមានអាយុកាលជាង ៦០ឆ្នាំ ដែលមានជំនាញខាងដាំដុះស្រូវ កិនស្រូវ ជួញដូរអង្ករ ផលិតអង្ករ នំ និងទឹកដោះគោធ្វើអំពីអង្ករ(Rice Milk) ។ល។ ដែលមានក្រុមហ៊ុនឧបសម្ព័ន្ធចំណុះចំនួន ២៣ គ្របដណ្តប់លើទីផ្សារចំនួន ១៤ នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសផ្សេងៗ ដោយប្រាក់ចំណូលនៅក្នុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុនមានចំនួន ៩៥០ លានអឺរ៉ូ៕
អត្ថបទ៖ ប៊ី