ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានជាង ៦ ពាន់លានដុល្លារ ហើយនិងដាក់គោលដៅដល់ ២០ ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម បានកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រេចបានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កើនឡើង ៤.១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីចុងសប្តាហ៍មុន។

របាយការណ៍ បានឱ្យដឹងទៀតថា ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម សម្រេចបានទំហំទឹកប្រាក់ប្រមាណ ២.៩៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ កើនឡើង ៧.៨% ខណៈកម្ពុជានាំចូលទំនិញពីវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣.១១ ពាន់លានដុល្លារ កើនឡើងត្រឹមតែ ០.៨%។

នាពេលកន្លងមក ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានដាក់ចេញគោលដៅ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឈានទៅដល់ ២០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្នុងវេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ ២០២៥ នេះ  អ្នកឧកញ៉ា ឡាវ កាង បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនវៀតណាម មកវិនិយោគបន្ថែមនៅកម្ពុជា ព្រោះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជម្រុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹង ភាពប្រកួតប្រជែង ក្នុងទីផ្សារពិភពលោ

អ្នកឧកញ៉ា បានថ្លែងដូច្នេះថា កម្ពុជាមានទីផ្សារទូលំទូលាយក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមជាដើម។

ជាមួយគ្នានេះផងដែរ លោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា បានលើកឡើងថា ចំពោះវិស័យវិនិយោគ កម្ពុជាគឺជាទីតាំងសំខាន់មួយក្នុងចំណោមទីតាំងសំខាន់ ដែលមានការវិនិយោគមុនគេ នៅក្នុងយុទ្ធសាស្ត្រវិនិយោគក្រៅប្រទេសរបស់វៀតណាម។ គិត មកទល់ពេលបច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគជាង ២០០ នៅកម្ពុជា ដែលស្មើនឹង ប្រមាណ ១២% នៃដើមទុនវិនិយោគសរុបទៅបរទេស ដែលជាការរួមចំណែកជំរុញកំណើន បង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាមិត្ត។

លោកស្រីបន្តថា ជាក់ស្តែងសឱ្យឃើញ ទំហំកិច្ចសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរ នៅមានកម្រិត បើប្រៀបធៀបនឹងសក្តានុពលដ៏ធំធេងដែលកំពុងបើកចំហ ជា ពិសេសក្នុងវិស័យ សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ កសិកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងពាណិជ្ជកម្ម៕

អត្ថបទ៖ ប៊ី