រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យវិស័យទេសចរណ៍ផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ ក្រោមប្រធានបទ “ទេសចរណ៏ និងបរិវត្តកម្មប្រកបដោយចីរភាព” ដើម្បីផលប្រយោជន៍យូរអង្វែងដល់មនុស្សជំនាន់ក្រោយ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមផ្សព្វផ្សាយទិវាទេសចរណ៏ពិភពលោក ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ទេសចរណ៏ និងបរិវត្តកម្មប្រកបដោយចីរភាព” កាលពីរសៀលថ្ងៃទី ១០ ខែតុលា​ ឆ្នាំ ២០២៥​។

លោក ង៉ូវ សេងកាក់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំពុងបន្តដំណើរឆ្ពោះទៅសម្រេចបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

តាមដានជាមួយយើង៖ Million Times

លោកបានបន្តថា គោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប និងភាពកក់ក្ដៅ គឺសម្រេចបានតាមរយៈការអនុវត្តជាក់ស្ដែងលើចំណុចសំខាន់ៗដូចជា ការផ្លាស់ប្តូរពីទេសចរណ៍ដែលផ្ដោតតែកំណើនបរិមាណ ទៅជាទេសចរណ៍ដែលផ្ដោតលើ គុណភាព ចីរភាព និងបរិយាបន្ន ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។

លោកបានបន្តទៀតថា វិស័យទេសចរណ៍ត្រូវតែសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រចំនួន ៣ គឺ៖ ភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និងបរិយាបន្នទេសចរណ៍។ បន្ថែមពីនេះ គឺលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យ ស្អាត បៃតង និងចីរភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ បង្កើនការវិនិយោគគាំទ្របរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយគិតគូរលើការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ របៀងជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។

លោកក៏បានជំរុញការអនុវត្តស្តង់ដារបៃតង ដូចជាស្តង់ដារសណ្ឋាគារបៃតងអាស៊ាន និងបង្កើតស្តង់ដារបៃតងសម្រាប់សេវាទេសចរណ៍ផ្សេងទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសវិស័យទេសចរណ៍ប្រកាន់ខ្ជាប់នូវទស្សនាទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» ដើម្បីផលប្រយោជន៍យូរអង្វែងដល់មនុស្សជំនាន់ក្រោយ ពិសេសបង្កើនសមត្ថភាពអ្នកជំនាញទេសចរណ៍ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបទីផ្សារ ហើយនិងគិតគូរអំពីសមភាពយេនឌ័រ យុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងវិបត្តិ។

លោក ង៉ូវ សេងកាក់ បានគូសបញ្ជាក់ថា ទេសចរណ៍គឺជាកម្លាំងដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្តូរ វាបង្កើតការងារ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងកសាងស្ពានភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌នានា។ លោកបានអំពាវនាវថា៖ «ចូរយើងរួមគ្នាប្រើប្រាស់ទេសចរណ៍ជានាវាសម្រាប់ការកសាងភាពធន់ មូលដ្ឋានគ្រឹះរឹងមាំ ចីរភាព និងវឌ្ឍនភាពរួម ហើយលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន-ប្រជាជន ដែលផ្ដល់ឱកាសដល់ប្រជាជនមូលដ្ឋានចូលរួម និងទទួលបានផលប្រយោជន៍អតិបរមាពីការអភិវឌ្ឍ»។

គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលសរុប ៣២.៧ លានដុល្លារ​​ពីមានភ្ញៀវទេសចរបរទេស ចំនួន ៧០៥ ២៦៩ នាក់ កើនឡើង ០.៧៧%។

គ្រឹះស្ថានអង្គរ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ មានភ្ញៀវទេសចរបរទេស ១៤ ៣៦៤ នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២១៥ ៤៦០ ដុល្លារ​។

​បន្ថែមពីនេះ ក្នុងរយៈពេល៩ខែនេះ ការ​លក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១១០ ១៣០ ដុល្លារ ពីភ្ញៀវចំនួន ១១ ០១៣ នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ៣៦០ ដុល្លារ ពីភ្ញៀវ​​ចំនួន ៨៧២ នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤៤៥ ០២៣ដុល្លារ។

គួររំលេចផងដែរថា រយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ គ្រឹះស្ថានអង្គរ​ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ​ចំនួន ​១ ៤១០ ៥៣៨ ដុល្លារ​៕