ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ១៥ ក្នុងឆ្នាំ ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង។
កិច្ចប្រជុំច្រកចេញ-ចូលតែមួយនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១,៣ ពាន់ ឬប៊ីលានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៨,៣ ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥ គម្រោង (ផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក), ស្ល និងកែច្នៃលោហធាតុ, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈលម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២ គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន២២១គ្រែ និងគម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។
គម្រោងវិនិយោគទាំង ៧ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងកែប៕