World Bank៖ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កម្ពុជា ចិន និងឥណ្ឌូនេស៊ី នឹងមានកំណើនសេដ្ឋកិច្ច ៤,៨% ឆ្នាំនេះ

ធនាគារ​ពិភពលោក (World Bank) បានឱ្យដឹងនៅថ្ងៃទី 0៧ ខែតុលា ឆ្នាំ២០២៥ នេះថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែបន្តមានកំណើនល្អជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើន និងរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តំបន់នេះចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រកបដោយមហិច្ឆតា ទន្ទឹមគ្នានឹងការប្រឹងជម្នះភាពមិនច្បាស់លាស់ច្រើនយ៉ាងនៅលើសកលលោក។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៥ របស់ធនាគារពិភពលោក ព្យាករថា កំណើនក្នុងតំបន់នឹងមាន ៤,៨ ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះបន្តិចពី ៥,០ ភាគរយក្នុងឆ្នាំ២០២៤។ វៀតណាមនាំមុខគេដោយមានកំណើន ៦,៦ ភាគរយ បន្ទាប់មកប្រទេសម៉ុងហ្គោលី (៥,៩ ភាគរយ) និងហ្វីលីពីន (៥,៣ ភាគរយ)។ ចិន កម្ពុជា និងឥណ្ឌូ នេស៊ី ត្រូវបានព្យាករថានឹងមានកំណើន ៤,៨ ភាគរយ ខណៈដែលបណ្តាប្រទេសកោះប៉ាស៊ីហ្វិកត្រូវបានព្យាករថានឹងមានកំណើន ២,៧ ភាគរយ និងថៃ ២,០ ភាគរយ។

គំរូជោគជ័យនៃការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់អាស៊ីបូព៌ា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។ កំណើនការងារនា ពេលថ្មីៗនេះ ភាគច្រើនមាននៅក្នុងវិស័យការងារ ដែលមានផលិតភាពទាប ដែលជារឿយៗជាការងារសេវាកម្មក្រៅប្រព័ន្ធ ដែលផ្តល់ឱកាសរីកចម្រើនតិចតួច។ លើសពីនេះ យុវជនកំពុងមានការលំបាកក្នុងការស្វែងរកការងារ ហើយស្ត្រីនៅតែចូលរួមបានតិចតួចនៅក្នុងកម្លាំងពលកម្ម។ តាមការរំពឹងទុក មនុស្ស ២៥ លាននាក់ នឹងបានរួចផុតពីភាពក្រីក្រចន្លោះពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦ ប៉ុន្តែភាគចំណែកនៃប្រជាជនដែលងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ពេលនេះមានទំហំធំជាងប្រជាជនវណ្ណៈកណ្តាល នៅតាមប្រទេសភាគច្រើនក្នុងតំបន់។

តាមដានជាមួយយើង៖ Million Times

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ៖«តំបន់នេះកំពុងមានស្ថានភាពបញ្ច្រាសគ្នាមួយពាក់ព័ន្ធនឹងការងារ – សេដ្ឋកិច្ចមានកំណើនរឹងមាំគួរសម ប៉ុន្តែបែរជាបង្កើតការងារដែលមានគុណភាពមិនបានគ្រប់គ្រាន់ទៅវិញ»។

លោកបន្តថា ៖«កំណែទម្រង់មោះមុតជាងមុនដើម្បីលុបបំបាត់ឧបសគ្គដល់ការចូលរួម និងការប្រកួតប្រជែងរបស់ក្រុមហ៊ុន នឹងជំរុញឱ្យមានរំហូរដើមទុនឯកជនកាន់តែច្រើន និងបង្កអំណោយផលដល់ក្រុមហ៊ុន ដែលមានសក្តានុពលបង្កើនផលិតភាព ឱ្យកាន់តែមានភាពរីកចម្រើន និងបង្កើតឱកាសការងារថ្មីៗថែមទៀត។ ធនាគារពិភពលោកនៅតែបន្តធ្វើជាដៃគូដ៏រឹងមាំ នៅក្នុងការប្តេជ្ញាចិត្តរបស់តំបន់ ចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្ន ឆ្លើយតបទៅនឹងមហិច្ឆតារបស់ប្រជាជនដែលចង់បាន»។

សូចនាករនៃសកម្មភាពសេដ្ឋកិច្ច បង្ហាញឱ្យឃើញថា កំណើនសេដ្ឋកិច្ចកំពុងមានសន្ទុះធ្លាក់ចុះល្បឿន។ ការលក់រាយកំពុងកើនឡើង ខណៈដែលទំនុកចិត្តអ្នកប្រើប្រាស់មិនបានងើបឡើងវិញដល់កម្រិតមុនជំងឺកូវីដ-១៩ នៅឡើយទេ។ ផលិតកម្មឧស្សាហកម្មមានភាពរឹងមាំ ប៉ុន្តែទំនុកចិត្តអាជីវកម្មនៅតែមានកម្រិតទាប។ ការនាំចេញបានកើនឡើងមុនការដំឡើងពន្ធនាពេលថ្មីៗនេ ប៉ុន្តែការបញ្ជាទិញសម្រាប់នាំចេញថ្មីៗមានកម្រិតទាប។

កំណើននៅឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងថយចុះមកនៅត្រឹម ៤,៣ ភាគរយ។ លទ្ធផលកំណើននឹងរងឥទ្ធិពលនៃការរឹត បន្តឹងពាណិជ្ជកម្មកាន់តែខ្ពស់ ភាពមិនប្រាកដប្រជាសកល ដែលធូរស្រាលបន្តិច ប៉ុន្តែនៅតែមានកម្រិតខ្ពស់នៅឡើយ និងកំណើនសកលយឺត អមដោយជម្រើសគោលនយោបាយក្នុងស្រុក ជាពិសេសការពឹងផ្អែករបស់ប្រទេសមួយចំនួនលើការលើកទឹកចិត្តផ្នែកសារពើពន្ធ ជាជាងធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ។

របាយការណ៍នេះអំពាវនាវឱ្យមានកំណែទម្រង់ និងការវិនិយោគលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងសេវាកម្ម និងគោលនយោបាយដើម្បីធានាឱ្យមានឱកាសការងារត្រូវតាមជំនាញរបស់ប្រជាជន។ វឌ្ឍនភាពលឿននៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រ៉ូបូត និងវេទិកាឌីជីថល ទាមទារឱ្យក្រុមហ៊ុន កម្មករ និងអ្នកបង្កើតគោលនយោបាយ គិតគូរអំពីជំនាញថ្មីៗ និងភាពរហ័សរហួន និងការសម្របខ្លួនកាន់តែខ្លាំងជាងមុន ទៅតាមសភាពការបច្ចុប្បន្ន។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ «កំណើនដែលផ្តោតលើការនាំចេញ និងពឹងផ្អែកលើអតិពលកម្មនៅអាស៊ីបូព៌ា បានជួយមនុស្សមួយពាន់លាននាក់ឱ្យរួចផុតពីភាពក្រីក្រក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ប៉ុន្តែតំបន់នេះឥឡូវនេះប្រឈមមុខនឹងបញ្ហាភ្លោះក្នុងពេលតែមួយ គឺការការពារពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្មការងារ»។

លោកបន្តថា៖ «កំណែទម្រង់បរិយាកាសធុរកិច្ច និងការកែលម្អការអប់រំ អាចធ្វើឱ្យកាន់តែប្រសើរឡើងនូវឱកាស និងសមត្ថភាព នាំទៅរកកំណើនកាន់តែខ្ពស់ និងការងារកាន់តែប្រសើរជាងមុន»៕