ក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្ដុះបណ្ដាលមួយ សំដៅចូលរួមចំណែកគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE)  នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក ស្ហាគីល អាហម៉ាត់ (Shakeel Ahmad) អ្នកតំណាងរង នៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិនៅកម្ពុជា និងលោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាជាតិ-អន្តរជាតិ ព្រមទាំងមន្ត្រីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គមគ្គុទេសក៍វ័យក្មេង ឈ្លាសវៃ និង ពោរពេញដោយសមត្ថភាព បានបន្តផ្តល់អាទិភាពខ្ពស់លើការកសាង និងការអភិវឌ្ឍសមត្ថភាព ដោយបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី ១ នៅក្នុងរបៀបវារៈនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់អភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និង ជាមធ្យោបាយនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ, និង ការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ ២០២៤ – ២០៣៣ ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយគត់ ដោយគ្របដណ្តប់លើមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និង សមធម៌សង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា សកម្មភាពបៃតង និងបរិយាបន្នទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមិនត្រឹមតែមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ក៏ត្រូវមានការចូលរួម ប្រកបដោយស្មារតីស្ថាបនា និង ភាពជាដៃគូស្អិតរមួត ពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍មនុស្សជាតិ ទាំងមូល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ជាមួយគ្នានេះ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដំបូងគេ ដែលបានអនុម័ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ដើម្បីជំរុញការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច» និង បានដាក់ចេញកាលពី ឆ្នាំ ២០១៣ នូវ «ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ ២០១៣ – ២០៣០»។ លើសពីនេះ, គម្រោង UN PAGE (Partnership for Action on Green Economy) នៅកម្ពុជា ត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ ដោយមានក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលការអនុវត្ត និង មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ បានលើកឡើងអំពីការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍ផ្សេងៗ ដោយបានគ្របដណ្តប់លើវិស័យជាច្រើន ចាប់តាំងពីការបង្កើនសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា រហូតដល់ការជួយពង្រឹងប្រព័ន្ធផែនការ និង ប្រព័ន្ធតាមដាន។ ជាក់ស្តែង UNITAR បានសហការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៥ – ២០១៦ លើការបណ្តុះបណ្តាលជំនាញស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយនៃការប្រែប្រួលអាកាសធាតុ ជូនមន្ត្រីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលចបន្ថែមអំពីសារៈសំខាន់នៃការងារកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ, ពិសេស វគ្គបណ្តុះបណ្តាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន» នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នអនុវត្តការអភិវឌ្ឍបៃតង និង បរិយាបន្ន ដែលត្រូវផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណើនបៃតង ប្រកបដោយបរិយាបន្ន ខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និង មន្ទីរអង្គភាពក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព៕

អត្ថបទ៖ ប៊ី