អ្នកឧកញ៉ា សំ សុខនឿន អ្នកជំនួញអចលនទ្រព្យ និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានចែករំលែកទស្សនទានមួយ ទាក់ទងនឹងមូលហេតុ ដែលប្រជាជនខ្មែរគួរតែងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។
ការចែករំលែកទស្សនទានរបស់ អ្នកឧកញ៉ា សំ សុខនឿន ត្រូវបានធ្វើឡើង ស្របពេលប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ ដែលឈ្លានពានចូលទឹកដីកម្ពុជា។ ការឈ្លានពាននេះដែរ បានធ្វើឱ្យប្រជាជនខ្មែរមានការឈឺចាប់ និងធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ដោយងាកមកប្រើប្រាស់ទំនិញផលិតក្នុងស្រុក ឬប្រើប្រាស់ទំនិញប្រទេសដទៃជំនួសវិញ។
ទាក់ទងនឹងទស្សនទានលើផងដែរ អ្នកឧកញ៉ា សំ សុខនឿន បានរៀបរាប់ថា ៖ “កាលពី ១៥ ឆ្នាំមុន មានអតិថិជនម្នាក់ចង់ទិញខុនដូ គាត់ជាជនជាតិចិន គាត់បានតេមកខ្ញុំ ហើយបានមកមើលខុនដូ គាត់សួរខ្ញុំថា «តើសម្ភារៈក្នុងផ្ទះនេះប្រើផលិតផលពីប្រទេសណា?» ខ្ញុំឆ្លើយថា «សម្ភារៈគឺល្អៗណាស់ មកពីប្រទេសជប៉ុន»”។
អ្នកឧកញ៉ា បានបន្តថា ៖ “ស្រាប់តែគាត់ប្រាប់មកខ្ញុំវិញថា «ដូរសំភារៈនេះចេញ ដាក់របស់ចិនទាំងអស់ គាត់នឹងកក់លុយទិញ។» គាត់ថា «ជីតាគាត់ជាទាហាន តែបានស្លាប់ដោយសារសង្រ្គាម»។ មកដល់ពេលនេះទើប ខ្ញុំយល់កាន់តែច្បាស់ពីអារម្មណ៍របស់គាត់ និងយល់នូវមូលហេតុគាត់មិនប្រើប្រាស់របស់ជប៉ុនកាន់តែច្បាស់ ហើយសុខចិត្តប្រើរបស់ចិន ទោះគុណភាពខុសគ្នាក៏ពិតមែន»”។


ស្រដៀងគ្នានេះដែរ មុននឹងមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ទំនិញថៃជាច្រើនចរចរណ៍ទៅលើទឹកដីកម្ពុជា។ ប៉ុន្តែក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គេសង្កេតឃើញថា ប្រៀបដូចយុទ្ធនាការមួយ ប្រជាជនខ្មែរទាំងនៅលើបណ្តាញសង្គម និងជាក់ស្តែង បាននាំគ្នាប្រកាសធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ក្រោមហេតុផលថា ការទិញទំនិញថៃ ដូចឱ្យលុយថៃទិញអាវុធឈ្លានពានទឹកដីខ្មែរ។
ទោះបីជាយ៉ាងក៏ដោយ បើនិយាយពីន័យសេដ្ឋកិច្ចវិញ និងជុំវិញការលើកឡើងជាទស្សនទានរបស់ អ្នកឧកញ៉ា សំ សុខនឿន ពីការរួមគ្នាគាំទ្រផលិតផលក្នុងស្រុក គឺក្នុងគោលបំណងជួយកសាងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងបង្កើតអត្តសញ្ញាណជាតិដ៏ខ្លាំងក្លាមួយ។
លើសពីនេះ ការលើកឡើងរបស់ អ្នកឧកញ៉ា នេះទៀតសោត ក៏សបញ្ជាក់ឱ្យឃើញថា ការប្រើប្រាស់ផលិតផលក្នុងស្រុក មិនត្រឹមតែបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិសាសន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាថែមជួយជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការជួយលើកកម្ពស់ផលិតផលក្នុងស្រុក ការបង្កើតការងារ ការបង្កើនចំណូលថវិកាជាតិទៀត និងការបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងប្រទេសផងដែរ៕
អត្ថបទ៖ ប៊ី