អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិដ្ឋានចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ពង្រឹងការផលិត ឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឱ្យបានច្រើន ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានពីធនាគារ ARDB ចេញផ្សាយផ្សាយនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កៅ ថាច កាលពីថ្ងៃសៅរ៍ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានណែនាំដូច្នេះ នាឱកាសអញ្ជើញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ធនាគារ ARDB បានបញ្ជាក់ថា ៖«នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឱ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឱ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់»។

តាមដានជាមួយយើង៖ Million Times

លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុក ដូចជា ដំណាំពោតនិងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ទភាពតែម្តង។

បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋានមានគោផលិតទឹកដោះប្រមាណ ២០០ក្បាល ដោយ ក្នុងមួយថ្ងៃ គោអាចផលិតទឹកដោះបានចំនួន ២០០០លីត្រផងដែរ៕

អត្ថបទ៖ ប៊ី