ឯកឧត្តម ស៊ុន ចាន់ថុល៖  CDC ត្រៀមជានិច្ចដើម្បីសម្របសម្រួលការវិនិយោគរបស់វិស័យឯកជន

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត។

ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ កាលពីទី ២ ខែតុលា ឆ្នាំ ២០២៥ នៅក្នុងកិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា និងសហការី។

ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-វៀតណាម ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ព្រមទាំងពិភាក្សាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពសកលលោកកំពុងស្ថិតក្នុងបរិការណ៍ដែលមានការប្រែប្រួល ហើយទាមទារឱ្យមានការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពបត់បែនខ្ពស់។

តាមរយៈជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ និងបានចាត់ទុកការចូលរួមនេះជាការផ្តល់កិត្តិយសដ៏ធំធេង និងបង្ហាញពីសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅក្នុងនាមជាអ្នកជិតខាងល្អ។

តាមដានជាមួយយើង៖ Million Times

បន្ថែមពីនោះ ឯកឧត្តមក៏បានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជុំវិញការបំបែកកំណត់ត្រាការអនុម័តចំនួនគម្រោងវិនិយោគក្នុងឆ្នាំ ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងហុចផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា ៖«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាលើការពិនិត្យលទ្ធភាព ក្នុងការបង្កើតឱ្យមាន យន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-វៀតណាម ដើម្បីរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅពង្រឹងនិងពង្រីកវត្តមានរបស់សហគ្រាសវិនិយោគវៀតណាម ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត៕

អត្ថបទ៖ ប៊ី