បើទោះបីសេដ្ឋកិច្ចពិភពលោកមានស្ថានភាពមិនច្បាស់លាស់ ក៏ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបានភាពធន់ ខណៈទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានទំហំទឹកប្រាក់ដល់ជិត ១០០ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៥ ចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍ខាងលើបានឱ្យដឹងថា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ៤ ធនាគារឯកទេស ៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ (MFI) ៨៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៣ គ្រឹះស្ថានឥណទានជនបទ ១១២ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ២៩ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ៣.៤០៧។
របាយការណ៍ បានបញ្ជាក់ដូច្នេះថា ៖«ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានកំណើន ៧,៣% ដល់ ៣៨៨,៥ ទ្រីលានរៀល (៩៧,១ ពាន់ ឬប៊ីលានដុល្លារអាមេរិក) ២,៩% ក្នុងនោះឥណទានអតិថិជនកើនឡើង ដល់ ២៤៧,៣ ទ្រីលានរៀល (៦១,៨ ប៊ីលាន ដុល្លារអាមេរិក)។
ប្រាក់បញ្ញើអតិថិជនមានកំណើន ១៤,៥% ដល់ ២៤៥,៩ ទ្រីលានរៀល (៦១,៥ ប៊ីលានដុល្លារអាមេរិក) និងដើមទុន មានកំណើន ៥,៣% ដល់ ៤១,២ ទ្រីលានរៀល (១០,៣ ប៊ីលានដុល្លារអាមេរិក)។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព រហ័ស និងទូលំទូលាយជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ២៨,២ លានគណនី និងគណនីឥណទានអតិថិជនដល់ ៤,៣ លានគណនី។ ទីស្នាក់ការកណ្តាល និងសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានចំនួន ២.៧៥៦ ទីតាំង (និងមានម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៥.៩៦៦ ម៉ាស៊ីន)។


យោងតាមរបាយការណ៍ក្រេឌីតប្សរ៉ូ (CBC) គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានចូលប្រើប្រាស់របាយការណ៍ឥណទានសរុបប្រមាណ ២,៤ លានប្រតិបត្តិការ ក្នុងនោះគ្រឹះស្ថានធនាគារ ១,៥ លានប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨៥២,១ ពាន់ប្រតិបត្តិការ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ២៥,៦ ពាន់ប្រតិបត្តិការ និងគ្រឹះស្ថានឥណទានជនបទ ២៤ ពាន់ប្រតិបត្តិការ។
ឥណទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើកើនឡើង ២,៩% ដល់ ២៣៦,៤ ទ្រីលានរៀល (៥៩,១ ប៊ីលានដុល្លារអាមេរិក) និងបានផ្តល់ទៅកាន់វិស័យសំខាន់ៗដូចជា សកម្មភាពផ្នែកអចលនទ្រព្យ ២២,៨% អាជីវកម្មលក់រាយ ១៧,១% សកម្មភាពគ្រួសារ ១០,៥% កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៩,៨% សំណង់ ៩,៦% អាជីវកម្មលក់ដុំ ៨,៧% និងផ្សេងៗ ២១,៥%។
សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ឥណទានកើនឡើង ២,៥% ដល់ ១១,១ ទ្រីលានរៀល (២,៧ ប៊ីលានដុល្លារអាមេរិក) និងបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ច រួមមាន៖ អង្គភាពគ្រួសារ ៤៨% សេវាកម្ម ១៣,៩% ពាណិជ្ជកម្មនិងជំនួញ ៨,៥% សំណង់ ៨,៣% កសិកម្ម ៦,៩% កម្មន្តសាលកម្ម ៤,១% ដឹកជញ្ជូន ៣,១% និងផ្សេងៗ ៦%។
អត្រាការប្រាក់បញ្ញើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើជារៀល និងជាដុល្លារអាមេរិកបានថមថយពី ៦,១០% និង ៥,៦៦% មកត្រឹម ៥,១០% និង ៤,៦៨% រៀងគ្នា ធៀបនឹង ឆមាសទី១ ឆ្នាំ២០២៤។
អត្រាការប្រាក់ឥណទានជារៀលថយពី ១៣,១៦% មកត្រឹម ១២,៣១% ខណៈជាដុល្លារអាមេរិកមានស្ថិរភាពក្នុងរង្វង់ ១០,៤៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤។ ចំពោះ គ្រឹះស្ថានធនាគារឯកទេស អត្រាការប្រាក់ឥណទានជារៀល និងដុល្លារអាមេរិកបានថយចុះពី ១៤,៤០% និង ១៣,៤៤% រៀងគ្នានៅចុងឆ្នាំ២០២៤ មកត្រឹម ១០,៤៦% និង ១៣,៣៩% រៀងគ្នា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តរក្សាបានភាពធន់ទប់ទល់នឹងការប៉ះទង្គិចនាពេលកន្លងមក។ ទោះយ៉ាងណា កំណើនឥណទានបានបន្តមានល្បឿនយឺត ដោយសារការប្រុងប្រយ័ត្នជាងមុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងតម្រូវការឥណទានទាបក្នុងវិស័យ មួយចំនួន ក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
លោកជំទាវបណ្ឌិត បានលើកឡើងដូច្នេះថា ៖«ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា ក្នុងការគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យសំខាន់ៗ ការបន្ធូរបន្ថយអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ ការសម្រួលលក្ខខណ្ឌឥណទាន ជាពិសេសទៅកាន់វិស័យអចលនទ្រព្យ កសិកម្ម ព្រមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ជាមួយគ្នានេះ ដើម្បីគ្រប់គ្រងហានិភ័យពីភាពមិនច្បាស់លាស់ ការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងទស្សនៈអនាគតត្រូវបានបន្តពង្រឹងជាលំដាប់ រួមទាំងការបន្តដាក់ចេញបទប្បញ្ញត្តិប្រុងប្រយ័ត្នសមស្រប ខណៈដែលក្របខ័ណ្ឌកិច្ចការពារប្រាក់បញ្ញើអតិថិជនក៏កំពុងត្រូវបានអភិវឌ្ឍ ក្នុងគោលដៅ ពង្រឹងកិច្ចការពារអ្នកដាក់ប្រាក់បញ្ញើនិងរក្សាជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ៕
អត្ថបទ៖ ប៊ី