ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីរសៀលថ្ងៃសុក្រ ទី១៥ ខែសីហានេះ តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៧គម្រោង។


បើតាម CDC គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១៥គម្រោង (ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ, ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែងផ្សេងៗ, ផលិតសម្ភារៈកីទ្បា, កែច្នៃផ្លែឈើ, ផលិតសម្ភារៈក្មេងលេង, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ, ផលិតឧបករណ៍ជាងនិងសម្ភារៈបន្ទាប់បន្សំ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, បង្កើតសួនឧស្សាហកម្ម, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងប្រអប់ដាក់សម្ភារៈជាង, កែច្នៃលោហធាតុ, ផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក, និងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង (អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព២០០មេហ្គាវ៉ាត់/៤០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តពោធិ៍សាត់ និងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព៣០០មេហ្គាវ៉ាត់/៦០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តកំពង់ឆ្នាំង)។
គម្រោងវិនិយោគទាំង១៧ នឹងបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។