សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី រៀបជំនួបដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានរៀបចំជំនួបពិភាក្សារវាងធុរជនកម្ពុជានិងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីគម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖ Million Times

កិច្ចពិភាក្សាដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ បានការកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួមទៅលើវិស័យសក្តានុពល។  

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេងនិងជំនាញ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ 

អ្នកឧកញ៉ាបានចង្អុលបង្ហាញ អំពីវិស័យសំខាន់ៗមួយចំនួនសម្រាប់ការសហការដែលមានសក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍។

អ្នកឧកញ៉ាបានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និងកម្មន្តសាល៕