នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ អង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជានូវសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀត ដើម្បីនឹងបង្កភាពងាយស្រួលដល់កម្ពុជា។


សេចក្តីព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបញ្ជាក់ថា វិធានការថ្មីក្នុងកំណត់មិនយកពន្ធបដិការនាពេលនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើពាណិជ្ជកម្ម គាំទ្រលទ្ធភាពការងារ និងបើកឱកាសសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសចូលទៅក្នុងទីផ្សារសេដ្ឋកិច្ច។
វិធានការអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេសនាពេលនេះ គឺជាប្រព័ន្ធអនុគ្រោះព័ន្ធមួយបន្ថែមទៀតលើគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS ដែលត្រូវបានផ្តើមផ្តួចឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាឲ្យដឹងថា គោលការណ៍អនុគ្រោះពន្ធថ្មីនេះនឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយអង់គ្លេស និងបន្ថែមថា ពិភពលោកកំពុងមានការផ្លាស់ប្តូរ ហើយប្រទេសមួយចំនួននៅបែកខាងត្បូងចង់បានទំនាក់ទំនងជាមួយអង់គ្លេស ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ មិនមែនជាម្ចាស់ជំនួយទៀតនោះទេ។
សូមជម្រាបថា ចក្រភពអង់គ្លេសជាប្រទេសទីផ្សារនាំចេញលំដាប់ទី៧របស់កម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង អេស្ប៉ាញ៕