លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានស្នើឱ្យប្រទេសថៃបង្កើតគម្រោងទិដ្ឋាការមាសសម្រាប់សេដ្ឋីបរទេស ដើម្បីឱ្យពួកគេមករស់នៅរយៈពេលវែងនៅថៃ។ នេះបើតាមកាសែត Bangkok Post។


នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការដោះសោអនាគតរបស់ថៃ» កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា លោក ថាក់ស៊ីន បាននិយាយថា កម្មវិធីទិដ្ឋាការមាសអាចនាំមកនូវទឹកប្រាក់ស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលមានចំនួន ៥០០ពាន់លានដុល្លារ។ ជាមួយគ្នានេះលោកក៏បានណែនាំថា ប្រទេសថៃ អាចទាក់ទាញមនុស្ស ៦សែននាក់ ដែលនឹងដាក់ប្រាក់កក់ចំនួន ១លានដុល្លារក្នុងម្នាក់សម្រាប់ទិដ្ឋាការនេះ។ ជាថ្នូរមកវិញ ពួកគេនឹងទទួលបានសិទ្ធិទិញអចលនទ្រព្យនៅប្រទេសថៃ ដែលជួយដល់វិស័យអចលនទ្រព្យ ដោយប្រាក់ចំណូលនឹងត្រូវបានប្រើប្រាស់ សម្រាប់ផ្តល់មូលនិធិដល់ការអប់រំប្រជាជនថៃ។
លោក ថាក់ស៊ីន បាននិយាយបន្តថា «វានឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប GDP កាត់បន្ថយបំណុលសាធារណៈ និងជំរុញការប្រើប្រាស់ក្នុងស្រុក។ វាជាលុយថ្មី ស្រស់ៗ ដូច្នេះវាគួរតែត្រូវធ្វើ»។
សូមបញ្ជាក់ថា សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងវិស័យទេសចរណ៍ មានកំណើនជាមធ្យមក្រោម ២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពោលគឺមានកំណើនយឺតបើធៀបនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅអាស៊ីអាគ្នេយ៍មួយចំនួនទៀត៕