ឧកញ៉ា ឡេង ឫទ្ធី ស្នើអ្នកឧកញ៉ា គិត ម៉េង បន្តភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឲ្យសហគ្រាសវៀតណាម មកបណ្តាក់ទុននៅប្រទេសកម្ពុជា ហើយសហគ្រាសកម្ពុជា អាចបណ្ដាក់ទុននៅប្រទេសវៀតណាម។ ការស្នើរបស់លោកឧកញ៉ាធ្វើឡើងក្នុងសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម កាលរសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដែលមានវាគ្មិនជាអ្នកជំនាញ និងអ្នកជំនួញនៃប្រទេសទាំងពីរ។


ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជាបានថ្លែងសង្ឃឹមជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា ដោយផ្ទាល់សហគ្រាសវៀតណាមនៅប្រទេសកម្ពុជា នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជាវិជ្ជមានដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេស វៀតណាម និងប្រទេសកម្ពុជា។
លោកឧកញ៉ាបានស្នើរដល់អ្នកឧកញ៉ា គិត ម៉េង បន្តភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឲ្យសហគ្រាសវៀតណាម មកបណ្តាក់ទុននៅប្រទេសកម្ពុជា ហើយសហគ្រាសកម្ពុជា អាចបណ្ដាក់ទុននៅប្រទេសវៀតណាម ដើម្បីទាញយកផលប្រយោជន៍ និងកេងចំណេញពីភាពខ្លាំងនៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍គ្នាទៅវិញទៅមក។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងពីទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយប្រទេសទាំងពីរបានកំណត់គោលដៅប្រកបដោយមហិច្ឆតា និងជំរុញទឹកចិត្តក្នុងការឈានទៅសម្រេចបានពាណិជ្ជកម្មទ្វេភាគីសរុប ២០ ពាន់លានដុល្លារនៅឆ្នាំខាងមុខ។
អ្នកឧកញ៉ាបន្តថា “ក្រៅពីពាណិជ្ជកម្ម វៀតណាមគឺជាវិនិយោគិនដ៏ធំមួយ ក្នុងចំណោមវិនិយោគិនបរទេសចំនួនប្រាំ ផ្សេងទៀតនៅកម្ពុជា ដោយមានគម្រោងលើសពី២០០គម្រោង ដែលមានតម្លៃទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ក្នុងវិស័យដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ រ៉ែ អាកាសចរណ៍ និងទេសចរណ៍”។ អ្នកឧកញ៉ាក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាមមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ និងការផ្តួចផ្តើមអាជីវកម្មយ៉ាងពិតប្រាកដដែលកើតឡើងពីការពិភាក្សានៅក្នុងសន្និសីទនេះ។

អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារ បានបង្ហាញយ៉ាងក្បោះក្បាយអំពីទីតាំងសក្តានុពលនៃតំបន់ភាគឥសាន្ត ដែលមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈតំបន់នេះទទួលបានការគាំទ្រលើកទឹកចិត្តជាពិសេសពីរាជរដ្ឋាភិបាល។ បើតាមអ្នកស្រី តំបន់នេះមានធនធានធម្មជាតិដ៏សម្បូរបែប ដូចជា ដីល្អ ទន្លេ និងភ្នំ ដែលសមស្របសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ដំណាំកៅស៊ូ កាហ្វេ ចន្ទី ស្រូវ ឧស្សាហកម្ម និងទេសចរណ៍។
អ្នកស្រីបានបញ្ជាក់ថា ភាពជោគជ័យកន្លងមកមានក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន VRG Group ដំណាំកៅស៊ូ និង Thaco Group ដំណាំចេក ចិញ្ចឹមគោ ព្រមទាំងអាជីវករជាច្រើនបានចាប់អារម្មណ៍ទៅវិនិយោគក្នុងតំបន់នេះចាប់តាំងពីឆ្នាំ ២០០៨ និងទទួលបានជោគជ័យយ៉ាងច្រើន។
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសកម្ពុជា និងវៀតណាម បានបន្តកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលនៅក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទាំងពីរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់ច្រើនជាង ១០ ប៊ីលានដុល្លារ កើនឡើង ៥៣.៣៤% បើធៀបទៅនឹងឆ្នាំមុន ហើយគោលដៅសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីររំពឹងថានឹងឈានទៅដល់២០ប៊ីលានដុល្លារ៕


