សមាជិកអាស៊ាន ហើយក៏ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឈានមុខ ប្រទេសឥណ្ឌូនេស៊ី សម្រេចបានការចរចាពន្ធគយ ១៩% ជាមួយសហរដ្ឋអាមេរិក ដែលទម្លាក់ពី ៣២%។ នេះបើតាមការប្រកាសឲ្យដឹងពីប្រធានាធិបតី ដូណាល់ ត្រាំ។
លើបណ្តាញសង្គម លោក ត្រាំ បញ្ជាក់ថា ព្រឹកនេះ ខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយឥណ្ឌូនេស៊ី បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីដ៏គួរឲ្យគោរពរបស់ពួកគេគឺលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ។


លោក ត្រាំ ថា កិច្ចព្រមព្រៀងដ៏សំខាន់នេះបានបើកទីផ្សារឥណ្ឌូនេស៊ីទាំងមូលទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ឥណ្ឌូនេស៊ីបានប្តេជ្ញាថានឹងទិញថាមពលពីសហរដ្ឋអាមេរិកចំនួន ១៥ ពាន់លានដុល្លារ ផលិតផលកសិកម្មអាមេរិកចំនួន ៤.៥ ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន ៥០ គ្រឿង ដែលភាគច្រើនជាប្រភេទ 777s។ ជាលើកដំបូងបំផុត អ្នកចិញ្ចឹមសត្វ កសិករ និងអ្នកនេសាទរបស់យើងនឹងមានសិទ្ធិចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ីដែលមានប្រជាជនជាង ២៨០ លាននាក់ពេញលេញ និងសរុប។
លើសពីនេះ ឥណ្ឌូនេស៊ីនឹងបង់ពន្ធគយ ១៩% លើទំនិញទាំងអស់ដែលពួកគេនាំចេញមកកាន់យើង ចំណែកឯទំនិញនាំចេញរបស់សហរដ្ឋអាមេរិកទៅឥណ្ឌូនេស៊ីនឹងត្រូវរួចពន្ធគយ និងឧបសគ្គមិនមែនពន្ធ។ ប្រសិនបើមានការដឹកជញ្ជូនបន្តពីប្រទេសដែលមានពន្ធគយខ្ពស់ នោះពន្ធគយនឹងត្រូវបានបន្ថែមទៅលើពន្ធគយដែលឥណ្ឌូនេស៊ីកំពុងបង់។
ប្រធានាធិបតី ត្រាំ ប្រកាសអរគុណដល់ប្រជាជនឥណ្ឌូនេស៊ីចំពោះមិត្តភាព និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យសមតុល្យឱនភាពពាណិជ្ជកម្មរបស់យើងមានលំនឹង។ យើងនឹងបន្តផ្តល់ជូនសម្រាប់ប្រជាជនអាមេរិក និងប្រជាជនឥណ្ឌូនេស៊ី៕