សម្តេច ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីសឹង្ហបុរី ឲ្យជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍​ប្រទេស​ទាំង​ពីរ

អំឡុងពេលដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា លោក Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រីសឹង្ហបុរី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ឲ្យនាយករដ្ឋមន្រ្តីសឹង្ហបុរីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍​នៃប្រទេស​ទាំង​ពីរបន្ថែមទៀត។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃពុធនេះ សម្តេច ហ៊ុន សែន បានចាត់ទុក​ដំណើរ​ទស្សន​កិច្ច​របស់​លោក Lawrence Wong នៅ​កម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និង​សិង្ហបុរី​ឲ្យ​កាន់​តែ​ល្អប្រសើរ​រីកចម្រើនបន្ថែមទៀត។

ក្នុង​ឱកាសនោះ សម្ដេចបានលើកឡើង​អំពី​ការ​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ ជាពិសេសតាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ សម្ដេចចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ​ថ្មី​នា​ពេល​ឆាប់​ខាងមុខ។

ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៥ ដែលជាដៃ​គូ​ពាណិជ្ជកម្មកំពូលរបស់កម្ពុជា រួមមាន៖ វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដោយឡែក ប្រទេសសិង្ហបុរី នាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ២៦១​លានដុល្លារ នៅឆ្នាំ២០២៤។

តាមរយៈរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញពីនិន្នាការវិជ្ជមានបន្ថែមទៀត ក្នុងរយៈពេល ៤ខែ ចុងក្រោយនេះ មានជើងហោះហើរចេញ-ចូល​(ទ្វេទិស)​ឆ្លងកាត់ប្រទេសកម្ពុជា​មានជាង ២.២ ម៉ឺនជើង ពោលគឺកើន​ឡើង ១៧​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៤។

តាមរបាយការណ៍ដដែល ប្រទេសចំនួន៦ ​ក្នុងចំណោមប្រទេសទាំង ១២ ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល​កម្ពុជាច្រើនជាងគេ គឺ​​ប្រទេសថៃ ចិន​​ វៀតណាម ​សិង្ហបុរី ម៉ាឡេស៊ី និងប្រទេស​កូរ៉េ៕