កិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាម្សិលមិញ តាមរយៈអនឡាញ កម្ពុជា-អាមេរិកបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត ហើយភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់។


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែលបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។
បើតាមអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។
កាលថ្ងៃទី២ ខែមេសា ដែលត្រូវនឹងថ្ងៃទី៣ ខែមេសា នៅកម្ពុជានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើគោលនយោបាយ «ពន្ធគយ» ដ៏ខ្លាំងក្លា ដែលបានដាក់លើប្រមាណ ១៦០ប្រទេស ជុំវិញពិភពលោក។ ក្រោមគោលនយោបាយពន្ធគយនេះ កម្ពុជាបានរងការដាក់ពន្ធធ្ងន់ជាងគេ បើប្រៀបធៀបប្រទេសក្នុងតំបន់ ពោលគឺ ៤៩ភាគរយ ខណៈអាមេរិកយកពន្ធនាំចូលពីប្រទេសឡាវ ៤៨ភាគរយ វៀតណាម៤៦ភាគរយ ភូមា៤៤ភាគរយ ប្រទេសថៃ៣៦ភាគរយ ឥណ្ឌូនេស៊ី៣២ភាគរយ។

ការរំកិលពន្ធគយមកលើទំនិញកម្ពុជារហូតដល់៤៩ភាគរយនេះ ដោយលោក Trump បានអះអាងថា ជាការឆ្លើយតបចំពោះកម្ពុជាដែលបានគិតពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ក្នុងកម្រិត ៩៧%។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃទី០៣ ខែមេសា ដោយច្រានចោលការចោទថា កម្ពុជាបានយកពន្ធគយលើទំនិញរបស់អាមេរិក៩៧ភាគរយនោះ។ លោកស្រីបានបន្ថែមថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ គឺមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួន តាមរយៈការយកពន្ធនៃផលិតផលនាំចូលក្នុងចន្លោះពី ០% រហូតដល់ខ្ពស់បំផុត ៣៥%។
ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានចំនួន ៩ ៩១៦លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកកាន់កម្ពុជា មានតែ ២៦៤លានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម