ក្រុមហ៊ុនមេរបស់ធនាគារ Hong Leong គឺក្រុមហ៊ុន Hong Leong Group ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា បង្ហាញបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha មួយបន្ថែមទៀត។ ការបង្ហាញឆន្ទៈរបស់ក្រុមហ៊ុនធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥។


ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិសណ្ឋារកិច្ច។ល។ ក្រុមហ៊ុន Hong Leong Group ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា បានបណ្តាក់ទុនវិនិយោគបង្កើតធនាគារឈ្មោះ Hong Leong Bank (Cambodia) Plc ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៣។
នៅចំពោះមុខ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន Hong Leong មានបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។
លោក ជា វុទ្ធី បានប្រាប់ពីស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។ លោកក៏បានបង្ហាញពីសក្តានុពលវិនិយោគក្នុងវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម, ការផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនីដែលជាកន្សោមឧស្សាហកម្មដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការផលិតគ្រឿងសង្ហារិមផងដែរ ដែលក្រុមហ៊ុនអាចគិតគូរពិចារណាបណ្តាក់ទុនវិនិយោគ៕


