លោក វង្សី វិស្សុត៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ 

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ សរុបប្រមាណ ១៥០នាក់។ 

តាមដានជាមួយយើង៖ Million Times

 សិក្ខាសាលានេះ មានគោលបំណង ពិភាក្សានិងផ្លាស់ប្តូរយោបល់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅនិងជាយុទ្ធសាស្រ្ត ក្នុងការរិះរកមធ្យោបាយដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបាន។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងនូវចំណុច សំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ក្នុងនោះ កម្ពុជាត្រូវមានបំណងប្រាថ្នាជាប្រទេសមានចំណូលខ្ពស់, ផលិតភាពខ្ពស់, បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់, កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយកម្ពុជាត្រូវពិចារណាលើការប្រើប្រាស់ម៉ូដែលដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ ២ គឺ ទី១. កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណងនិងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា ទី២. ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។ 

លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកនិយមរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ 

លោកបន្តទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ រៀបចំ និងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយមនិងប្រុងប្រយ័ត្នខ្ពស់ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ចចំពោះមុខរយៈពេលមធ្យមនិងវែងទៅមុខ។ 

លោកក៏បានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ប៉ុន្តែក៏បាន កត់សម្គាល់នូវបញ្ហាម៉ូឌែលកំណើនកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងពីបរិយាកាសខាងក្រៅ។ ការណ៍នេះទាមទារឱ្យកម្ពុជាគិតគូរកែសម្រួលម៉ូឌែលកំណើន និងការផ្លាស់ប្តូរផ្ទៃក្នុង ឱ្យមានលក្ខណៈយុទ្ធសាស្ត្រ ផ្អែកលើចំណេះដឹងសកល, ដឹកមុខដោយនវានុវត្តន៍ និងអាចឆ្លើយតបទៅនឹងការប្រែប្រួលនូវចលនាការសកល៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី