កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវលើកកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រ»

ជំនួបមេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-បារាំង បង្ហាញឲ្យដឹងនូវដំណើរការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង  ជា «ដៃគូយុទ្ធសាស្ត្រ»។

តាមដានជាមួយយើង៖ Million Times

ជំនួបកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង សម្តេច ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង  ជា “ដៃគូយុទ្ធសាស្ត្រ”។

សម្តេចនាយករដ្ឋមន្រ្តី និងប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ឯកឧត្តមប្រធានាធិបតីនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកម៉ាក្រុង បានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ 

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី  សម្ដេចនិងប្រធានាធិបតីបារាំងបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី