អភិបាលខេត្តព្រះសីហនុ ធានាផ្តល់សេវាឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ឲ្យអ្នកវិនិយោគចិន និងប្រទេសសមាជិក RCEP

នៅទីក្រុងហ័ងសាន ប្រទេសចិន អភិបាលខេត្តព្រះសីហនុ បានប្រកាសធានាជូនអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពជាចម្បង។

តាមដានជាមួយយើង៖ Million Times

នាឱកាសចូលរួមក្នុងវេទិកាសន្ទនារវាងអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលរសៀល ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនានេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិក RCEP ក្នុងវេទិកា។

ចំពោះក្រុមវិនិយោគិន លោក ម៉ាង ស៊ីណេត សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។ លោកក៏បានអញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិក RCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ 

លោកបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។

ជាមួយគ្នានេះដែរ លោកក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»។ លោកមានសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ