លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរខេត្តសៀមរាប នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវយន្តហោះដំបូងគេរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។


រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ការហោះហើរជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នឹងហោះចេញពីទីក្រុងឌូបៃ ឆ្លងកាត់ទីក្រុងបាងកក និងហោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនេះ នឹងដំណើរការហោះហើរ ០៣ជើង ក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) ក៏មានជើងហោះហើរ រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជារៀងរាល់ថ្ងៃផងដែរ លើដំណាក់ផ្លូវពីទីក្រុង ឌូបៃ-សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី-ឌូបៃ ចំនួន ៧ជើង ក្នុង១សប្តាហ៍ ដែលបានចាប់ផ្តើមហោះហើរតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ។


អត្ថបទ៖ ពិសិដ្ឋ រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប