លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយលោក XU KUNLIN អភិបាលខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី២១ ខែឧសភា ដែលលោកបានគូសបញ្ជាក់ថា វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលចិន និងថា លោកបានបន្តគាំទ្រ និងជំរុញទាំងអ្នកវិនិយោគ និងអ្នកទេសចរចិន មកលេងកម្សាន្ត ហើយបោះទុនវិនិយោគឲ្យបានកាន់តែច្រើន។


លោក ម៉ាង ស៊ីណេត បានលើកឡើងថា ក្នុងរយៈពេលកន្លងមក វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ ដែលជាសមិទ្ធផលលេចធ្លោក្នុងបដិវត្តឧស្សាហកម្មក្នុងរយៈពេល៩ឆ្នាំ។
លោកបន្តលើកឡើងរៀបរាប់ពីសក្តានុពលនានាដែលបានលេចរូបរាងឡើងប្រកបដោយផ្លែផ្កា ក្នុងនោះមានផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់ឡើងដោយក្រុមហ៊ុនចិន។ លោកបន្ថែមទៀតថា នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអាចឲ្យនាវាធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន ខណៈបច្ចុប្បន្នកំពុងសាងសង់ជា៣ដំណាក់កាលមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ។
លោក ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានរម្លឹកថា កាលពីឆ្នាំ២០២២ លោកបានទទួលអភិបាលខេត្តព្រះសីហនុ នៅខេត្តជាំងស៊ូ ដែលពេលនោះសម្រេចបានក្រុមហ៊ុន១០០ ហើយថ្ងៃនេះមានក្រុមហ៊ុន ២០០វិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកបានបញ្ជាក់ថា ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើត នៃប្រទេសចិន ប្រជាជនជាង៨៥លាននាក់ មានសេដ្ឋកិច្ចមានការរីកចម្រើន ហើយដំណើទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងអនុវត្តនូវកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា តាមរយៈគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០។ ទន្ទឹមគ្នានេះ លោកសង្ឃឹមថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ នៅថ្ងៃខាងមុខ៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ