រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួន២៤ ដែលជាសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជា ធ្វើឡើងនាសម័យប្រជុំលើកទី៤ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥ ក្រោមវត្តមានសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។


សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅកម្ពុជា រួមមាន៖ ១-ក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២- ក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបង។ ៣-ក្រុមហ៊ុន ផល ភ្លូ ដត ឌីវេឡុបម៉ិន ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១២០ មេហ្កាវ៉ាត់ នៅខេត្តព្រៃវែង។ ៤-ក្រុមហ៊ុន អេនើរើស ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ៥- ក្រុមហ៊ុន រីស៊ីលាន មិរ៉ាយ ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។
៦-ក្រុមហ៊ុន សិនកែ ភីវី អ៊ិនវេសម៉ិន ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ។ ៧-ក្រុមហ៊ុន តាំង ឡៃស៊ី អ៊ីមផត អិចផត វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០ មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ៨-ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវ័រ ខូ អិលធីឌី វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០ មេហ្កាវ៉ាត់ នៅខេត្តស្ទឹងត្រែង។ ៩- ក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក វិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ១០-ក្រុមហ៊ុន ប៊ីលហ្គេ្រត ខនស្ត្រាក់សិន ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

១១-ក្រុមហ៊ុន ច័ន្ទ និមល ឌីវេឡុបម៉ិន ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ នៅខេត្តកំពង់ចាម។ ១២-ក្រុមហ៊ុន ម៉ឌើនីធី ហូលឌីង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ១៣-ក្រុមហ៊ុន អេច ខេ អូអេស៊ីស ផោវ័រ អេនើជី ឌីវេឡុបម៉ិន ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។ ១៤-ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី ១៥-ក្រុមហ៊ុន ឥណ្ឌូឆាយណា វីន ផោវ័រ ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។ ១៦-ក្រុមហ៊ុន លីឌើរ វីន អេនើជី (ខេមបូឌា) ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។ ១៧-ក្រុមហ៊ុន គោព្រៃ វីនហ្វាម ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី ១៨-ក្រុមហ៊ុន បេជីង ហ្វេងហ្គ័ង អ៊ីនហ្វីនីត វីន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី ។
១៩-ក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលជីវម៉ាស អានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៤០មេហ្កាវ៉ាត់ ផ្គួបគ្នា នៅខេត្តកំពង់ស្ពឺ។ ២០-ក្រុមហ៊ុន បុទុមសាគរ អេនើជី ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ២១-ក្រុមហ៊ុន អេនើសួរ ឯ.ក វិនិយោគវារីអគ្គិសនី ព្រែកល្អាង១និង២ អានុភាព ១១០មេហ្កាវ៉ាត់ នៅខេត្តរតនគិរី។ ២២-ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគស្ថានីយប្រព័ន្ធអាគុយស្ដុកទុក ថាមពល អានុភាព២០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងអានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២៣-ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគស្ថានីយប្រព័ន្ធអាគុយស្ដុកទុក ថាមពល អានុភាព៥០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ២៤-ក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនើរី ខបភើរេសិន វិនិយោគស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក អានុភាព១០០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅកម្ពុជាទាំង២៤ រៀបចំឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤ និងដោយសារតែនៅចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មានការរឹតបន្តឹងវិធានការរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើង បាននាំឱ្យគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជាបានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ដោយសារមិនអាចរកហិរញ្ញ-ប្បទានបាន។ ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេករដ្ឋសភា