ទុនវិនិយោគសរុប ១,១១ ពាន់លានដុល្លារ ចាក់ចូលក្នុងវិស័យផលិតកម្មស៊ីម៉ងត៍នៅកម្ពុជា

ក្នុងពិធីសម្ពោធដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥នេះ ផលិតកម្មស៊ីម៉ងត៍នៅកម្ពុជាមានរោងចក្រសរុបចំនួន ៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋ សរុបប្រមាណ ៣ ០០០កន្លែង។ 

តាមដានជាមួយយើង៖ Million Times

លោកបន្តថា រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោន ក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០% ពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណ ជាង ៣០ ០០០តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ 

បន្ថែមពីគម្រោងទាំង៦ខាងលើ លោក កែវ រតនៈ បន្តថា នៅមានក្រុមហ៊ុនចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។ 

ក្នុង​​​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន ភ្នំពេញ ដដែលនេះ សម្តេច ហ៊ុន ម៉ាណែត ​បាន​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ទាំង​អស់​ឱ្យ​ខិត​ខំ​​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដោយ​សម្តេចលើក​ឡើង​ថា ការ​វិនិយោគលើ​​រោងចក្រ​ សហគ្រាស​ផលិត​​ក្នុង​ស្រុក​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដែល​នេះ​ជាសញ្ញានៃ​ការ​ជំរុញ​​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន។ សម្តេច​បន្ត​ថា រដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហ​ប្រតិ​បត្តិការជានិច្ចចំពោះរាល់​គម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគ​ដែលជួយជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង​ឆ្នាំ​២០៥០។

សម្តេចនាយករដ្ឋមន្រ្តី​បាន​ថ្លែង​ថា៖​ «ខ្ញុំសូ​មអំពាវនាវ​ដល់វិនិយោគិន​សូមជ្រើសរើសយកកម្ពុជា​ធ្វើ​ជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សា​បាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច»។

បន្ថែម​ពី​លើ​នេះ សម្តេច ហ៊ុន ម៉ាណែត ក៏​បាន​ជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសហគមឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ត្រូវ​ខិតខំស្វែងរកទីផ្សារដើម្បី​ជំរុញ​ការចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី