សភាអាមេរិក គាំទ្រក្នុងការបង្កើនការវិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជា

ចំពោះមុខមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សមាជិកសភាសហរដ្ឋអាមេរិក បានបង្ហាញនូវការគាំទ្របង្កើនការវិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជា ស្របពេលកម្ពុជាកំពុងដំណើរការចរចារពន្ធគយជាមួយសហរដ្ឋអាមេរិក។

តាមដានជាមួយយើង៖ Million Times

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Adrian Smith សមាជិកសភា និងជាប្រធានអនុគគណៈកម្មាធិការពាណិជ្ជកម្ម នៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយរបស់សភាសហរដ្ឋអាមេរិក ស្ថិតនៅក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។

លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីកត្តាអំណោយផល និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗសហរដ្ឋអាមេរិក រួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន។ ជាសក្ខីកម្មជាក់ស្ដែង លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានិងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

នៅជំនួបនាឱកាសនោះ សមាជិករដ្ឋសភា លោក Adrian Smith បានបង្ហាញពីការគាំទ្រក្នុងការបង្កើនការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលជាអាទិភាពរួមគ្នា ព្រមទាំងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC