បំណុលពិភពលោកឈានដល់ចំណុចបំបែកកំណត់ត្រាថ្មី ៣២៤ទ្រីលានដុល្លារ

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានបញ្ចេញទិន្នន័យស្ដីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ដោយបានបង្ហាញថា បំណុលពិភពលោកបានកើនឡើងលើសពី ៣២៤ទ្រីលានដុល្លារហើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

IIF អះអាងថា នៅត្រីមាសទីមួយ បំណុលពិភពលោកមានកំណើនច្រើនជាងឆ្នាំទៅ ៧,៥ទ្រីលានដុល្លារ ដោយក្នុងនោះប្រទេសចិន បារាំង និងអាល្លឺម៉ង់ គឺជាអ្នកខ្ចីប្រាក់ច្រើនបំផុត អំឡុងពេល ៣ខែដំបូងមកនេះ។

តាមដានជាមួយយើង៖ Million Times

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបញ្ជាក់ថា កំណើននៃបំណុលប្រទេសមហាអំណាច កើនឡើងដោយសារបញ្ហាភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃស្ថានភាពពាណិជ្ជកម្មសកល រួមទាំងវិបត្តិសង្គ្រាមរ៉ាំរ៉ៃនៅអ៊ុយក្រែន ដែលបង្កផលរំខានដល់ប្រភពចំណូលនៃបណ្ដាប្រទេសទាំងនោះ។

កំណើននៃបំណុលពិភពលោកក្នុងត្រីមាសទីមួយឆ្នាំនេះ មានច្រើនជាងរហូតដល់ ៤ដង បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនត្រឹម ១,៧ទ្រីលានដុល្លារប៉ុណ្ណោះ។

បំណុលសរុបនៃប្រទេសកំពុងរីកចម្រើន បានកើនឡើងលើសពី ៣,៥ទ្រីលានដុល្លារ ដោយមានចំនួនសរុប ១០៦ទ្រីលានដុល្លារ។ គ្រាន់តែចិនម្នាក់រ៉ាប់រងបំណុលថ្មីជាង ២ទ្រីលានដុល្លារ ដែលមានន័យថា រដ្ឋាភិបាលចិនមានបំណុលស្មើ ៩៣% នៃ GDP ហើយរំពឹងថា បំណុលនឹងកើនរហូតដល់ ១០០% នៃ GDP ត្រឹមចុងឆ្នាំនេះ៕

អត្ថបទ៖ Luffy រូបភាព៖