ក្រុមហ៊ុនចិន គ្រោងវិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ។ នេះបើតាមជំនួប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពេលអនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Scitech Holdings ជួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

លោក Zhu YuJiang បានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងថាកម្ពុជាតែងមានការផ្លាស់ប្តូរជាវិជ្ជមានជានិច្ច​ នៅរាល់ពេលដែលលោកមកកម្ពុជា​ ម្តងៗ។

លោកបានប្រាប់សម្ដេចនាយករដ្ឋមន្រ្តីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ។ លោកបន្ថែមថា ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការវិនិយោគលេីខ្សែច្រវាក់ផ្គត់ផ្គង់​ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់​ និងសកលលោក។

សម្ដេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចធិបតី