CEBR៖ វៀតណាម នឹងវ៉ាដាច់ថៃក្លាយជាបងធំសេដ្ឋកិច្ចទី២ ប្រចាំតំបន់អាស៊ានត្រឹមឆ្នាំ២០៣៦

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បានព្យាករពីកំណើនសេដ្ឋកិច្ចនៃប្រទេសវៀតណាម ដោយអះអាងថា ប្រទេសនេះនឹងក្លាយជាបងធំសេដ្ឋកិច្ចទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ត្រឹមឆ្នាំ២០៣៦ខាងមុខ។

តាមដានជាមួយយើង៖ Million Times

CEBR បានបញ្ជាក់ថា រយៈពេលជាង ៤​ទសវត្សចុងក្រោយ ស្ថានភាពសេដ្ឋកិច្ចវៀតណាមបានរីកលូតលាស់យ៉ាងឆាប់រហ័ស ពោលតាំងពីមានកំណែទម្រង់ Doi Moi នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ មក វៀតណាមបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យម។

ជាមួយគ្នានោះ វៀតណាមក៏មានគោលបំណងប្រែក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលខ្ពស់ ត្រឹមឆ្នាំ២០៤៥ ផងដែរ ប៉ុន្តែដើម្បីអាចសម្រេចគោលដៅនេះបាន ចំណូលប្រជាជនវៀតណាម ត្រូវតែមានកំណើនយ៉ាងតិច ៥% ក្នុងម្នាក់ជារៀងរាល់ឆ្នាំ។

ទោះជាយ៉ាងណា បច្ចុប្បន្នវៀតណាមកំពុងប្រឈមជាមួយបញ្ហាសំខាន់ៗជាច្រើន ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន តួយ៉ាងការទារពន្ធគយពីអាមេរិក អត្រាកំណើតធ្លាក់ចុះ គួបផ្សំនឹងការនាំចេញថយចុះផង សុទ្ធតែជាកត្តាចម្បង ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Barron’s