នាយករដ្ឋមន្រ្តីវៀតណាម បានគាំទ្រគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងជំរុញឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ។
ការប្រកាសគាំទ្ររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ។


ក្នុងជំនួបនោះ លោកស្រី ចម និម្មល បានប្រាប់នាយករដ្ឋមន្រ្តីវៀតណាមពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី ២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីសម្រេចគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាម៉េរិក។
លោក Pham Minh Chinh បានគាំទ្រគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងជំរុញឱ្យក្រសួងទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការដោះដូពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ កើនឡើងពី ៥,៨៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣ ស្មើនឹង ២០,៦ ភាគរយ។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងពាណិជ្ជកម្ម