ក្រុមហ៊ុន BYD CAMBODIA CO.,LTD. នៅព្រឹកថ្ងៃទី២៨ ខែមេសា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួនមានតម្លៃប្រមាណ ៣២លានដុល្លារ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលទូតចិនបញ្ជាក់ថា គំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយៈពេល ៧០ឆ្នាំមកហើយ។
លោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើងរថយន្ត BYD ជាលទ្ធផលសំខាន់ ជានិមិត្តរូប និងជាគម្រោងផលិតកម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិន កម្ពុជា។ លោកថា ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទពិសោធន៍នៃឧស្សាហកម្មពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។


លោកបន្តថា នេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។ ចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជា បង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះ លោក វ៉ាង វិនពីន អះអាងថា ជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយៈពេល ៧០ឆ្នាំមកហើយ អាចនិយាយបានថា ជាមិត្តភាពដែកថែបមិនអាចបំបែកបាន។
លោកថ្លែងថា ចិន និងកម្ពុជា បានជម្រុញមិត្តភាពដែកថែប និងកសាងសហគមន៍ជោគវាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះ ស្របពេលដែល ប្រធានាធិបតីចិន អញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសាកន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC