លោក Xi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀងហៃ​ ដើម្បី​បង្ហាញ​សាច់ដុំពី​ភាពរឹងមាំ​ចំពេល​មាន​សង្រ្គាម​ពាណិជ្ជកម្ម

ប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃក្នុងសប្តាហ៍នេះ ដោយបង្ហាញពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ប្រទេសលោក នៅចំពេលដែលសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ 

កាសែត Reuters ផ្សាយដោយដកស្រង់សម្តីលោក Alfred Wu អ្នកជំនាញចិននៅសកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា លោក Xi អាចប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីផ្តោតលើភាពជោគជ័យថ្មីៗក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទាប់ពីការបើកដំណើរការក្រុមហ៊ុន DeepSeek កាលពីដើមឆ្នាំនេះ។

តាមដានជាមួយយើង៖ Million Times

លោក Wu ថា លោកមិនរំពឹងថា លោក Xi នឹងនិយាយជាសាធារណៈអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មនោះទេ។ លោកបាននិយាយថា “ផ្អែកលើការសង្កេតរបស់យើងចំពោះលោក Xi គាត់នឹងមិនចង់បង្ហាញពីភាពទន់ខ្សោយណាមួយឡើយ” ។

សូមរំលឹកថា នៅក្នុងដំណើរចុងក្រោយរបស់លោកទៅកាន់ទីក្រុងសៀងហៃក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ លោក Xi បានជំរុញទីក្រុងសៀងហៃឱ្យពង្រឹងភាពខ្លាំងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងនាំមុខផ្នែកបច្ចេកវិទ្យា។ នៅ​ពេល​នោះ​លោក​ក៏​បាន​ជួប​ជាមួយ​ខេត្ត​តំណាង​តំបន់សេដ្ឋកិច្ច​ឈ្មោះ​ថា​ ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេ Yangtze។ តំបន់នេះរួមមានទីក្រុងសៀងហៃ និងខេត្ត និងទីក្រុងចំនួន ១០ ផ្សេងទៀតតាមដងទន្លេ Yangtze ហើយជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់ដែលមានចំនួនជាង ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។

ជាមួយគ្នានេះ លោក Dan Wang នាយកក្រុមហ៊ុន Eurasia Group ប្រចាំនៅចិន បាននិយាយថា លោក Xi អាចប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសៀងហៃ ដើម្បីជំរុញឱ្យមានសកលភាវូបនីយកម្មនៃប្រាក់យន់បន្ថែមទៀត និងដើម្បីលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានពីក្រៅប្រទេសបន្ថែមទៀត ដើម្បីគាំទ្រដល់ក្រុមហ៊ុនចិនក្នុងការឈានទៅមុខជាសកល។

លោក Wang បាន​និយាយ​ថា “ការបាត់បង់ការងារនៅក្នុងតំបន់អាចមានច្រើន ប្រសិនបើពួកគេបាត់បង់ពាក់កណ្តាលនៃការបញ្ជាទិញរបស់សហរដ្ឋអាមេរិក” ។

មន្ត្រីចិនបាននិយាយថា សេដ្ឋកិច្ចរបស់ចិនអាចទប់ទល់នឹងសង្គ្រាមពាណិជ្ជកម្ម ហើយការគាំទ្រគោលនយោបាយបន្ថែមទៀតអាចនឹងកើតមាន ប្រសិនបើចាំបាច់។ លោក Zhao Chenxin អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ទីក្រុងប៉េកាំងនៅតែមានទំនុកចិត្តពេញលេញ ប្រទេសចិននឹងឈានដល់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល ៥% សម្រាប់ឆ្នាំ២០២៥ ។

លោក Zhao បាននិយាយថា ប្រទេសចិនអាចធានាបានគ្រប់គ្រាន់នូវផលិតផលសណ្តែកសៀង ពោត និងគ្រាប់ធញ្ញជាតិផ្សេងទៀត ដោយមិនចាំបាច់មានការនាំចូលពីសហរដ្ឋអាមេរិកឡើយ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters